ខចែងនិងលក្ខខណ្ឌ
លោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់អំពីលក្ខខណ្ឌប្រើប្រាស់គេហទំព័រធនាគារវីង (Wing Bank Website) ដូចមានចែងខាងក្រោម។
១. សេចក្តីផ្តើម
គេហទំព័រនេះត្រូវបានដំណើរការដោយធនាគារ វីង (ខេមបូឌា) ម.ក (“ធនាគារវីង”) ក្រោមឈ្មោះដែន៖ www.wingbank.com.kh (“គេហទំព័រ”)។ លក្ខខណ្ឌប្រើប្រាស់នេះគ្រប់គ្រងការចូលទៅកាន់គេហទំព័រ ការប្រើប្រាស់ព័ត៌មាន ក្រាហ្វិក និងមាតិកានានានៅលើគេហទំព័រ។
តាមរយៈការចូលទៅកាន់គេហទំព័រ លោកអ្នកយល់ព្រមលើការចងភ្ជាប់កាតព្វកិច្ចស្របតាមលក្ខខណ្ឌប្រើប្រាស់នេះ។ ដូច្នេះ លោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់អំពីលក្ខខណ្ឌប្រើប្រាស់នេះមុនពេលប្រើប្រាស់គេហទំព័រ។ ធនាគារវីង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬ ដកចេញផ្នែកណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកមិនយល់ព្រមជាមួយនឹងបញ្ញត្តិ ឬ ការកែប្រែណាមួយនៅទីនេះ លោកអ្នកមានសិទ្ធិផ្តាច់មុខក្នុងការចាកចេញ និងបញ្ឈប់កការប្រើប្រាស់គេហទំព័រនេះ។
២. កម្មសិទ្ធិបញ្ញា
គេហទំព័រនេះរួមមាន ពាណិជ្ជសញ្ញា អត្ថបទ ការរចនា ក្រាហ្វិក ទិន្នន័យ ប្លង់គេហទំព័រ វីដេអូ កម្មវិធី រូបភាព និងសមាសភាគផ្សេងទៀត ("កម្មសិទ្ធិបញ្ញា")។ កម្មសិទ្ធិបញ្ញាដែលមាននៅលើគេហទំព័រនេះគឺជាកម្មសិទ្ធិ និង/ឬ ស្ថិតក្រោមអាជ្ញាប័ណ្ណរបស់ធនាគារវីង។
លោកអ្នកមិនត្រូវផលិតឡើងវិញ ទទួលយក បញ្ជូន ឬ រក្សាទុកមួយផ្នែក ឬ ទាំងមូលនៃកម្មសិទ្ធិបញ្ញានៅលើគេហទំព័រនេះសម្រាប់គោលបំណងណាមួយឡើយ ហើយមិនត្រូវបង្ហាញ (frame) បោះពុម្ព បង្ហោះ ឬ ភ្ជាប់ គេហទំព័រនេះ ទៅគេហទំព័រភាគីទីបីណាមួយឡើយ លុះត្រាតែយើងខ្ញុំផ្តល់ឱ្យអ្នកនូវការយល់ព្រមជាលាយលក្ខណ៍អក្សរក្នុងការធ្វើដូច្នេះ។
៣. តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី
គេហទំព័រនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រដែលគ្រប់គ្រង ឬ ផ្តល់ជូនដោយភាគីទីបី។ តំណភ្ជាប់នេះត្រូវបានផ្តល់ជូនគ្រាន់តែដើម្បីភាពងាយស្រួល ឬ ការផ្តល់ជូនបន្ថែមដែលអ្នកអាចជ្រើសរើសក្នុងការចូល ឬ ប្រើប្រាស់គេហទំព័រនោះ ឬ ទិញផលិតផល និងសេវាកម្មដែលផ្តល់ជូននៅលើគេហទំព័រនោះតាមការសំរេចចិត្តរបស់លោកអ្នក។ ធនាគារវីងមិនផ្សព្វផ្សាយ ឬ ណែនាំផលិតផល សេវាកម្ម ឬ ព័ត៌មានណាមួយដែលផ្តល់ដោយ ឬ មាននៅក្នុងគេហទំព័រភាគីទីបីណាមួយឡើយ។
ធនាគារវីង សូមបដិសេធរាល់ទំនួលខុសត្រូវទាំងអស់ចំពោះរាល់ព័ត៌មាន សម្ភារៈ ផលិតផល ឬ សេវាកម្មដែលបានបង្ហោះ ផ្តល់ជូន ឬ ដែលមាននៅលើគេហទំព័រភាគីទីបីណាមួយដែលភ្ជាប់ជាមួយគេហទំព័រនេះ។ ធនាគារវីងមិនធានាអះអាងចំពោះគុណភាពនៃផលិតផល ឬ សេវាកម្មដែលមាននៅលើគេហទំព័រភាគីទីបីណាមួយឡើយ។ លើសពីនេះ ធនាគារវីងសូមបដិសេធរាល់ការទទួលខុសត្រូវចំពោះគុណភាពនៃផលិតផល ឬ សេវាកម្មដែលផ្តល់ជូន ឬ ផ្សព្វផ្សាយនៅលើគេហទំព័រភាគីទីបីទាំងនោះ។
៤. ការបដិសេធការទទួលខុសត្រូវ
ព័ត៌មានដែលមាននៅលើគេហទំព័រនេះគឺសម្រាប់គោលបំណងជាព័ត៌មានទូទៅប៉ុណ្ណោះ។ ខណៈដែលយើងខ្ញុំព្យាយាមរក្សាព័ត៌មានឱ្យមានបច្ចុប្បន្នភាព និងត្រឹមត្រូវ យើងខ្ញុំមិនធ្វើការអះអាង ឬ ការធានាណាមួយ អំពីភាពពេញលេញ ភាពត្រឹមត្រូវ ភាពជឿជាក់ ភាពសមស្រប ឬ ភាពអាចរកបាន ពាក់ព័ន្ធទៅនឹងគេហទំព័រ ឬ ព័ត៌មាន ផលិតផល សេវាកម្ម ឬ ក្រាហ្វិកនានា ដែលមាននៅលើគេហទំព័រនេះសម្រាប់គោលបំណងណាមួយឡើយ។ ធនាគារវីងអាចកែប្រែ ដក ឬ បន្ថែមសេវាកម្ម និងផលិតផលនៅពេលណាក៏បាន តាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនចាំបាច់ជូនដំណឹងដល់លោកអ្នក។ លោកអ្នកទទួលស្គាល់ហានិភ័យនៃការពឹងផ្អែកលើព័ត៌មានដែលមាននៅលើគេហទំព័រនេះ។
គេហទំព័រនេះមិនបង្កើត ឬ មានអត្ថន័យបង្កើតជាការផ្តល់យោបល់ប្រភេទណាមួយឡើយ។ ធនាគារវីង សូមណែនាំលោកអ្នកឱ្យស្វែងរកការផ្តល់យោបល់ ការទំនាក់ទំនង និងការបំភ្លឺ ដែលមានលក្ខណៈវិជ្ជាជីវៈពីធនាគារវីង មុនពេលលោកអ្នកព្យាយាមប្រើប្រាស់ព័ត៌មាន សេវាកម្ម និងផលិតផលដែលលោកអ្នកមានចម្ងល់។ លោកអ្នកអាចអញ្ជើញមកកាន់សាខាធនាគារយើងខ្ញុំដែលនៅជិតបំផុត ឬ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩ តាមជម្រើសណាមួយដែលងាយស្រួលសម្រាប់អ្នក។
រាល់ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំគឺធ្វើឡើងដើម្បីរក្សាគេហទំព័រឱ្យដំណើរការបានរលូន។ ទោះជាយ៉ាងណាក៏ដោយ ធនាគារវីងមិនទទួលខុសត្រូវឡើយ ក្នុងករណីគេហទំព័រនេះមិនអាចប្រើបានជាបណ្ដោះអាសន្ន ដោយសារបញ្ហាបច្ចេកទេសដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់យើងខ្ញុំ។
ធនាគារ វីង នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬ ការខូចខាតណាមួយឡើយ មិនថាដោយផ្ទាល់ ប្រយោល ឬ ជាលទ្ធផល រាប់បញ្ចូលតែមិនកំណត់ត្រឹមតែ ការបាត់បង់ប្រាក់ចំណូល ប្រាក់ចំណេញ អាជីវកម្ម កិច្ចសន្យា ការសន្សំ ឬ កេរ្តិ៍ឈ្មោះ ដែលលោកអ្នក ឬ បុគ្គលណាមួយទទួលរង ដែលកើតចេញ ឬ ទាក់ទងនឹងការប្រើប្រាស់គេហទំព័រនេះ។
៥. ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ
លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
រាល់វិវាទ ភាពចម្រូងចម្រាស ឬភាពខុសគ្នាដែលអាចកើតមានទាក់ទងនឹងការអនុវត្តលក្ខខណ្ឌប្រើប្រាស់នេះ នឹងត្រូវដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី។ ប្រសិនបើគូភាគីមិនអាចព្រមព្រៀងក្នុងការដោះស្រាយវិវាទ វិវាទនោះត្រូវបញ្ជូនទៅដោះស្រាយជាស្ថាពរដោយតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។