អតិថិជនវីងបន្តគាំទ្រសហគមន៍ពួកគេតាមរយៈវីងម៉ល

មិថុនា 1, 2021

អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង អាចផ្ញើអាហារទៅអ្នកដែលកំពុងជួបទុកលំបាកតាមរយៈវីងម៉ល

ភ្នំពេញ ២៧ ឧសភា ២០២១— អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះអ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងរាប់រយនាក់ បានបរិច្ចាគអាហារនិងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតដល់ជនដែលងាយរងគ្រោះបំផុតពីជំងឺកូវីដ១៩តាមរយៈវីងម៉ល ។

ប្រជាជនរាប់ពាន់នាក់ត្រូវបានហាមឃាត់មិនឲ្យចេញពីកន្លែងរាំងខ្ទប់កាលពីខែមុន ​ដើម្បីការពារនិងកាត់បន្ថយពីការរីករាលដាលនៃជំងឺកូវីដ១៩។ ទាំងនេះបានធ្វើឲ្យប្រជាជនមួយចំនួនបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃជាពិសេសអ្នកដែលប្រកបរបរក្រៅប្រព័ន្ធ។

យី សុធារី អ្នកបរិច្ចាគម្នាក់បាននិយាយថា៖ «ខ្ញុំបានឃើញអ្នករើសសំរាមនិងអ្នកធាក់ស៊ីក្លូជាច្រើននៅតាមដងផ្លូវដែលពួកគាត់បាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូលប្រចាំថ្ងៃ។ ពេលខ្លះពួកគាត់ស្ទើរតែគ្មានអាហារបរិភោគក៏មានដែរ»។

ដោយមើលឃើញពីទុក្ខលំបាកនៅក្នុងសហគមន៍យ៉ាងដូចច្នេះ សុធារី និងមិត្តភក្តិប្រមាណ៥០នាក់ផ្សេងទៀតបានរួមវិភាគទានចំនួន៣៧០ដុល្លារ និងបានសម្រេចជ្រើសរើសយកវីងម៉លដើម្បីបញ្ជាទិញអាហារដើម្បីដឹកជូនដល់អ្នកខ្វះខាតរហូតទៅដល់៧០នាក់ក្នុងក្រុងភ្នំពេញដោយចំណាយពេលត្រឹមតែមួយម៉ោងតែប៉ុណ្ណោះ។

សុធារី បានបន្ថែមទៀតថា៖ «អ្វីដែលធ្វើឲ្យយើងពេញចិត្តនោះគឺយើងបានជួយសហគមន៍របស់យើងបានដូចយើងបានជួបពួកគាត់ដោយផ្ទាល់អញ្ចឹង ។ យើងគ្រាន់តែចុចពីរបីប៉ក់ បន្ទាប់មកយើងអាចបញ្ជូនបាយឆាក្តាម៧០កញ្ចប់រួមទាំងទឹកសុទ្ធដើម្បីចែកជូនដល់ពូពូអ្នកធាក់ស៊ីក្លូ និងអ្នករើសសំរាមបានយ៉ាងរហ័ស។ រយៈពេល២ទៅ៣នាទីបន្ទាប់ពីចែកអាហាររួច ក្រុមដឹកជញ្ជូនវីងម៉លបានចែករំលែករូបភាពនៃសកម្មភាពចែកអាហារបស់ពួកយើង។ វីងម៉លមិនត្រឹមតែអាចជួយដល់អ្នកកំពុងជួបទុក្ខលំបាកតែប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ភាពងាយស្រួលសម្រាប់ជួយគ្នាក្នុងគ្រាលំបាកបាន។»

លោក ឈន ថន អ្នកធាក់ស៊ីក្លូមួយរូបដែលបានទទួលអំណោយបាននិយាយថា ការចែករំលែកអំណោយទានទាំងនេះពិតជាផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់កម្មករ អ្នករើសសំរាម និងអ្នកដ៏ទៃផ្សេងទៀតដែលកំពុងជួបទុកលំបាក។

លោក ថន បាននិយាយថា៖«ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ អស់ជាច្រើនថ្ងៃមកហើយដែលភាគច្រើនខ្ញុំទៅផ្ទះដោយដៃទទេ។ វាពិតជាលើកទឹកចិត្តដល់ពួកខ្ញុំណាស់ដែលមានសប្បុរសជនដឹងពីទុកលំបាករបស់ពួកយើង។ ខ្ញុំនិងអ្នកក្បែរខ្ញុំដែលកំពុងទីទាល់ បានទទួលជំនួយឧបត្ថម្ភជាច្រើនពីសប្បុរសជន ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់បងប្អូនម្ចាស់ជំនួយទាំងឡាយណាស់»។

ម្ចាស់ជំនួយគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង(Wing Money App) រួចចូលទៅកាន់ “វីងម៉ល”( WingMall) បន្ទាប់មកបញ្ជាក់ ទីកន្លែង ឈ្មោះ ឬលេខទំនាក់ទំនងរបស់អ្នកទទួល នោះក្រុមដឹកជញ្ជូនរបស់ វីងម៉លនឹងនាំយកជំនួយទាំងនោះទៅចែកជូនដល់ជនខ្វះខាត ព្រមទាំងមានការផ្ញើររូបភាពត្រឡប់មកវិញដើម្បីធ្វើជាភស្តុតាងដល់សប្បុរសជន។

លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងការទូទាត់អាជីវកម្មអេឡិកត្រូនិកវីងម៉លមាន​ប្រសាសន៍ថា​ បែបបទនៃការផ្តល់ជំនួយទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ជំនួយនិងជនទីទាល់។

លោកសាក់សាម បានបន្តថា៖« ការផ្តួចផ្តើមទាំងនេះ គឺដើម្បីជួយគ្រួសារដែលកំពុងជួបទុក្ខលំបាក។ វាមិនត្រឹមតែជួយអ្នកដែលកំពុងខ្វះខាតតែប៉ុណ្ណោះទេ តែវាបានបង្ហាញពីសាមគ្គីភាពជាតិតែមួយដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន»។

អតិថិជនរបស់វីងម៉ល អាចទិញទំនិញជាច្រើនពីហាងរាប់ពាន់នៅទីក្រុងភ្នំពេញជាមួយអាហារនិងភេសជ្ជៈដ៏សំបូរបែបដែលបានដាក់បង្ហាញនៅលើវីងម៉ល។

សម្បុរសជននិងទទួលបានការបញ្ចុះតម្លៃ និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងទាំងអស់អាចបន្តផ្តល់ជំនួយដល់ជនដែលងាយរងគ្រោះដោយជំងឺកូវីដ១៩តាមរយៈវីងម៉លប្រកបដោយភាពងាយស្រួល។