ព្រូដិនសលកម្ពុជានិងធនាគារឯកទេសវីង ចាប់ដៃគូ ដើម្បីសម្រួលដំណើរនៃការទូទាត់បុព្វលាភ សម្រាប់អតិថិជន
ភ្នំពេញ, ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ជាមួយ ធនាគារឯកទេស វីង ដែលជាធនាគារផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មនៅថ្ងៃពុធនេះ។
ក្នុងកិច្ចព្រមព្រៀងនេះ អតិថិជនរបស់ព្រូដិនសលកម្ពុជា នឹងអាចទូទាត់ បុព្វលាភធានារ៉ាប់រងអាយុជីវិតរបស់ពួកគេ នៅតាម ទីតាំងភ្នាក់ងារវីងចំនួន៥០០០កន្លែង តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ *989# ដែលនេះ ផ្ដល់ជាជម្រើសកាន់តែប្រសើរ និងងាយស្រួលដល់អតិថិជនក្នុងការទូទាត់បុព្វលាភរ៉ាប់រងរបស់ពួកគេ។
នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍នៅឯពិធីចុះហត្ថលេខាថា៖ “ការទូទាត់បុព្វលាភរ៉ាប់រង គឺពិតជាចាំបាច់ខ្លាំងណាស់ចំពោះអតិថិជនរបស់យើង ក្នុងការរក្សានូវការការពារ និងទំនុកចិត្ត នៃគោលនយោបាយធានារ៉ាប់រងអាយុជីវិត។ ដូច្នេះ យើងចង់ធ្វើឱ្យប្រាកដថា អតិថិជនអាចទូទាត់ប្រាក់បុព្វលាភបានយ៉ាងងាយស្រួល មិនថាពួកគេនៅទីណាក៏ដោយ ក្នុងព្រះរាជាណាចក្រកម្ពុជា។”
លោកបានបន្ថែមទៀតថា៖ “ការប្រើប្រាស់បណ្ដាញដ៏រឹងមាំ និងមានសុវត្ថិភាពរបស់ វីង អតិថិជនរបស់យើងនឹងអាចទូទាត់បុព្វលាភរ៉ាប់រងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការធ្វើបែបនេះគឺស្របគ្នានឹងការខិតខំជាបន្តបន្ទាប់របស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីទាក់ទាញអតិថិជនក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ដើម្បីបម្រើ និងផ្តល់ជូននូវសេវាកម្មដ៏ល្អដាច់គេ។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានបណ្ដាញនៅពាសពេញផ្ទៃប្រទេសរួចជាស្រេចទៅហើយ តាមរយៈដៃគូធានារ៉ាប់រង គឺធនាគារ អេស៊ីលីដា និងការិយាល័យផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងក្រុងសំខាន់ៗ។ ការចាប់ដៃគូជាមួយធនាគារឯកទេស វីង នឹងអនុញ្ញាតឲ្យក្រុមហ៊ុនទាក់ទាញអតិថិជនកាន់តែច្រើននៅតាមទីប្រជុំជននិងភូមិ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីង បានមានប្រសាសន៍នៅឯពិធីចុះហត្ថលេខាថា៖ ”បន្ថែមពីលើការផ្តល់មធ្យោបាយដ៏ងាយស្រួលដើម្បីបង់បុព្វលាភធានារ៉ាប់រង ភាពជាដៃគូនេះ នឹងបង្កើតជាឱកាសបន្ថែមទៀត សម្រាប់ប្រជាជនដែលប្រើសេវាធនាគារផងនិងមិនប្រើសេវាធនាគារផង ដើម្បីមានលទ្ធភាពប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសល មិនថាពួកគាត់រស់នៅទីណាឡើយ។ ចំនុចនេះគឺបានន័យថា ប្រជាពលរដ្ឋដែលរស់នៅតាមភូមិឋាននិងក្រុងតូចៗទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន អាចមានលទ្ធភាពទទួលយកអត្ថប្រយោជន៍ជាច្រើនដែលក្រុមហ៊ុនធានារ៉ាប់រងផ្តល់ជូន ដែលខុសប្លែកពីពេលមុន ដែលពួកគាត់មិនធ្លាប់បានទទួលអត្ថប្រយោជន៍ទាំងនេះទេ។”
លោក ម៉ាឡូឡូស បានបន្ដែមទៀតថា៖ “ជាមួយ វីង ការទូទាត់បុព្វលាភរ៉ាប់រង គឺមានភាពងាយស្រួលបំផុត ដោយអតិថិជនគ្រាន់តែធ្វើការទូទាត់តាមរយៈគណនីវីងនៅលើទូរស័ព្ទដៃ ឬភ្នាក់ងារវីងដែលនៅជិតផ្ទះរបស់ពួកគាត់។ នៅ វីង ពួកយើងមានឆន្ទៈចង់បង្កើតប្រព័ន្ធមួយដែលអាចសម្រេចបានជោគជ័យនិងទទួលបានផលចំនេញដែលមានភ្នាក់ងារ អតិថិជន ក្រុមហ៊ុន អាជីវករ បេឡាករ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ដែលផ្តល់សេវាកម្មទាំងនៅតាមទីក្រុងនិងទីជនបទដាច់ស្រយាល ទូទាំងព្រះរាជាណាចក្រកម្ពុជាតែម្តង។”
សេវាទូទាត់បុព្វលាភរ៉ាប់រងតាមរយៈ ភ្នាក់ងារវីងនិងកម្មវិធីស្មាតហ្វូនវីង ត្រូវបានដាក់ឲ្យដំណើរការហើយ។ ដូច្នេះអតិថិជនរបស់ព្រូដិនសលនៅទូទាំងប្រទេស ឥឡូវនេះអាច បង់ប្រាក់តាមរយៈ លេខកូដវិក្កយបត្រ។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន
អំពីធនាគារឯកទេសវីង
ធនាគារឯកទេសវីង (ខេមបូឌា)លីមីធីត ផ្តល់សេវាកម្មហិរិញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។
ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។
ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកលឆ្នាំ២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញទូទាំងប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខឧស្សាហកម្មជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និងក្រុមហ៊ុន WorldRemit។
ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។