ក្រុមហ៊ុនព្រូដិនសល កម្ពុជា និងធនាគារ វីង ចាប់ដៃគូសហការអាជីវកម្ម ប៊េនកាសួរេន
កុម្ភៈ 23, 2024ឥឡូវនេះផលិតផលធានារ៉ាប់រងអាយុជីវិត និងសុខភាពរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានលក់នៅតាម សាខាធនាគារ វីង ដែលជាការបោះជំហានដ៏សំខាន់មួយ ដើម្បីពង្រីកវិសាលភាព ក្នុងការផ្តល់សេវា ធានារ៉ាប់រងអាយុជីវិតនៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីកិច្ចសហការដៃគូអាជីវកម្ម ប៊េនកាសួរេន ដែលគាំទ្រដោយនិយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារ ជាតិ នៃកម្ពុជា។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាសេវាការពារហិរញ្ញវត្ថុដោយប្រើប្រាស់ចំណុចខ្លាំងនៃស្ថាប័នទាំងពីរក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា។ ប៊េងកាសួរេន ដែលត្រូវបានកំណត់និយមន័យដោយធនាគារជាតិ នៃកម្ពុជា គឺសំដៅដល់កិច្ចសហការរវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រងក្នុងការចែកចាយ និងផ្សព្វផ្សាយផលិតផលធានារ៉ាប់រងតាមរយៈការប្រើប្រាស់បណ្តាញគ្រឹះស្ថានដែលជាដៃគូ។
ពិធីសម្ពោធជាផ្លូវការនេះមានការអញ្ជើញចូលរួមជាកិត្តិយសក្រោមគណៈអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោក Han Peng Kwang អគ្គនាយកធនាគារ វីង, លោក Wilson Ma ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និងជាប្រធានផ្នែកគ្រប់គ្រងអាជីវកម្ម និងយុទ្ធសាស្រ្ត នៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី, លោក Mandar Hastekar អគ្គនាយកស្តីទី និងនាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា (CLM Hub) ព្រមទាំងវត្តមានអតិថិជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោក Mandar Hastekar បានលើកឡើងថា៖ «កិច្ចសហការរបស់យើងជាមួយធនាគារ វីង គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចសហការរួមគ្នាដោយនាំមកជាមួយជំនាញរបស់ក្រុមហ៊ុនព្រូដិនសល កម្ពុជា ក្នុងការពារហិរញ្ញវត្ថុ និងបណ្តាញរបស់ធនាគារ វីង នឹងជំរុញការផ្តល់សេវាធានារ៉ាប់រងឱ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍”។
លោក Mandar Hastekar បានបន្ថែមថា៖ «ភាពជាដៃគូនេះគឺឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ដោយនាំមកនូវអនាគតកាលដ៏ត្រចះត្រចង់តាមរយៈការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុទៅដល់គ្រប់គ្រួសារកម្ពុជា”។
ឥឡូវនេះ អតិថិជនមានភាពងាយស្រួលក្នុងការទិញផលិតផលរបស់ក្រុមហ៊ុនព្រូដិនសល ដោយផ្ទាល់នៅតាមទីតាំងសាខាធនាគារ វីងដែលបានអនុម័តនៅទូទាំងប្រទេសកម្ពុជា ដែលមានបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈដើម្បីជួយសម្របសម្រួលរាល់តម្រូវការសេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជន។
ដើម្បីអបអរដល់កិច្ចសហការនេះ អតិថិជនដែលទិញផលិតផលធានារ៉ាប់រងណាមួយពីក្រុមហ៊ុនព្រូដិនសល កម្ពុជា តាមរយៈធនាគារ វីង នឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖ ទទួលបានអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ១២ ខែក្នុងចំនួនទឹកប្រាក់ណាមួយ ព្រមទាំងទទួលបានផលិតផលធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ឬហៅថា PRUសុវត្ថិភាពខ្ញុំ ដោយឥតគិតថ្លៃ និងការផ្ដល់ជូនពិសេសផ្សេងៗទៀត។ ការផ្ដល់ជូននេះមានរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ តទៅ។ លោក Han Peng Kwang អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាការវិវឌ្ឍដ៏សំខាន់ ដើម្បីបង្កើនការការពារហិរញ្ញវត្ថុជូនអតិថិជនគ្រប់រូប ដែលជាការរួមចំណែកទៅដល់ស្ថិរភាព និងសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ក៏ដូចជាសហគ្រាសនៅក្នុងប្រទេសកម្ពុជា»។
លោក Han Peng Kwang បានបន្តថា៖ «ជាមួយចក្ខុវិស័យរួមគ្នាក្នុងការផ្តល់ការការពារហិរញ្ញវត្ថុដ៏រឹងមាំជូនសហគមន៍ និងអតិថិជនទាំងអស់ កិច្ចសហការរបស់យើងនាពេលនេះគឺជាការវិវឌ្ឍដ៏សំខាន់មួយទៀតឆ្ពោះទៅសម្រេច គោលដៅរួម និងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវអនាគតកាន់តែមានសុវត្ថិភាព និងល្អប្រសើរ»។
អាជីវកម្មប៊េនកាសួរេន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិសាលភាពសេវាធានារ៉ាប់រងឲ្យកាន់តែងាយស្រួលទៅដល់ប្រជាជនកម្ពុជា ដែលគំរូអាជីវកម្មនេះបានរួមចំណែកដល់ទៅ ៤០ ភាគរយ នៃការលក់សរុបនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជាកាលពីឆ្នាំ២០២២។ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតសំខាន់លើអាជីវកម្មប៊េនកាសួរេន ដើម្បីពង្រីកវិសាលភាពនៃវិស័យធានារ៉ាប់រងដែលមានគោលបំណងបង្កើនអត្រានៃការអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យកើនដល់ ៥,៥ ភាគរយ និងបង្កើនដង់ស៊ីតេឧស្សាហកម្មធានារ៉ាប់រងដល់ ១៣៥ ដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០៣០។
ក្រុមហ៊ុនព្រូដិនសល កម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៣ ដែលមានទ្រព្យសកម្មសរុបជាង ២៥៦ លានដុល្លារអាមេរិក។ ក្រុមហ៊ុនព្រូដិនសល កម្ពុជា បានផ្ដល់នូវការការពារហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាជាង ៤២៥.០០០ គ្រួសារ និងបានផ្តល់សំណងជាង ២០ លានដុល្លាអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។
ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ដោយមានសាខាជាច្រើនកំពុងដំណើរការ ជាមួយនឹងបណ្តាញវីងជាង ១១.០០០ ទីតាំងគ្រប់ដណ្តប់នៅទូទាំងប្រទេសផងដែរនោះ ធនាគារ វីង បានផ្តល់សេវាកម្មទៅដល់អ្នកប្រើប្រាស់ជាង ១៤,៥លាននាក់។
កិច្ចសហការនេះកំពុងតែបន្តឆ្ពោះទៅមុខ ដើម្បីបង្កើនលទ្ធភាពទទួលបានការការពារហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។