ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបហ្វាន់ បើកសម្ពោធជាផ្លូវការមូលនិធិឯកជនគម្រោងវិនិយោគរួមចំនួន ២ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund»
ធ្នូ 2, 2024ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប មានកិត្តិយសប្រកាសសម្ពោធជាផ្លូវការនៃគម្រោងវិនិយោគរួមចំនួនពីរ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។
គម្រោងវិនិយោគរួមចំនួនពីរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធនេះត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩១។
ក្នុងពេលជាមួយគ្នានេះ យើងសង្ឃឹមថា នឹងអាចមានការអភិវឌ្ឍគម្រោងវិនិយោគស្រដៀងគ្នានេះឲ្យបានទូលំទូលាយដល់ការវិនិយោគសាធារណៈ ដូច្នេះវិនិយោគិនដែលមានការចាប់អារម្មណ៍ នឹងអាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ បានបង្កើតឡើងនៅក្នុងឆ្នាំ ២០២២ ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានអភិវឌ្ឍក្រុមការងារទាំងក្នុង និងក្រៅប្រទេស ដែលមានការយល់ដឹងស៊ីជម្រៅលើសេដ្ឋកិច្ចក្នុងស្រុក និងមានការអនុវត្តន៍ និងអភិបាលកិច្ចល្អបំផុត ដែលជាមូលដ្ឋាននៃគម្រោងវិនិយោគទាំងនេះ។ នេះនឹងផ្តល់ជូននូវភាពសំបូរបែបដល់វិនិយោគិន និងស្ថាប័នវិនិយោគជាច្រើនផ្សេងទៀត ដើម្បីចូលរួមទទួលបានឱកាសដែលផ្តល់ដោយសេដ្ឋកិច្ចកម្ពុជា។
គម្រោងវិនិយោគទាំងពីរនេះ មានកម្រិតហានិភ័យខុសៗគ្នា តែការអនុវត្តតាមលក្ខខណ្ឌដ៏តឹងរឹង រួមជាមួយការគ្រប់គ្រងយ៉ាងហ្មត់ចត់ក្នុងការវិភាគ ដើម្បីបង្កើនឱកាសវិនិយោគដែលមានសក្តានុពល។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា ក្នុងការផ្តល់ជូនការវិនិយោគមូលនិធិដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ក្រោមគម្រោងវិនិយោគរួម។
បេសកកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ គឺជួយដល់អតិថិជនដែលវិនិយោគ ក្នុងការបង្កើតផលចំណេញតាមរយៈការស្វែងយល់ពីទីផ្សារដ៏ស្មុកស្មាញនេះតាមរយៈជំនាញ និងបទពិសោធន៍របស់យើង។ ក្រោមការផ្សារភ្ជាប់អត្ថប្រយោជន៍របស់ក្រុមហ៊ុនជាមួយអតិថិជន ដូច្នេះអតិថិជនដែលវិនិយោគទាំងអស់ នឹងអាចទទួលបានប្រាក់ចំណេញ និងធានាបាននូវអនាគតដ៏ល្អសម្រាប់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។
គម្រោង Fixed Income Fund គឺជាគម្រោងមូលនិធិដែលមានការបត់បែន និងផ្តល់ជូនប្រាក់កម្រៃដោយសេ្ថរភាព។ គម្រោងនេះ គឺផ្តោតសំខាន់លើការវិនិយោគលើផលិតផលគម្រោងវិនិយោគ ដែលមានគុណភាពខ្ពស់ ដូចជា ប័ណ្ណបំណុល និងការដាក់ប្រាក់បញ្ញើរមានកាលកំណត់ជាមួយស្ថាប័ន ដែលមានអាជ្ញាប័ណ្ណ និងមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីធានាឲ្យបាននូវការកាត់បន្ថយហានិភ័យខ្ពស់ ស្របពេលជាមួយការទាញយកសក្តានុពលកំណើនដ៏រឹងមាំ និងសេ្ថរភាពសេដ្ឋកិច្ចនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។
ចំណែកគម្រោង Distressed Asset Fund បានបង្កើតឡើងដើម្បីផ្តល់ផលចំណេញពីទីផ្សារ តាមរយៈការទាញយកឱកាសទីផ្សារដែលតម្លៃរបស់ទ្រព្យកំពុងមានការធ្លាក់ចុះ។
គម្រោងវិនិយោគទាំងពីរនេះ ត្រូវបានកំណត់និងវិនិយោគជាយុទ្ធសាស្រ្តលើ ទ្រព្យកម្មសិទ្ធិដែលមានបញ្ហា ឬហៅថា Distressed Assets ដោយការវិភាគពីទីផ្សារ និងអ្នកជំនាញគ្រប់គ្រងទ្រព្យកម្មសិទ្ធិ។
គម្រោងនេះនឹងស្វែងរកឱកាស និងបទពិសោធន៍វិនិយោគផ្សេងៗដើម្បីធានាថាវិនិយោគិន នឹងទទួលបានអត្ថប្រយោជន៍ និងផលកម្រៃខ្ពស់ ដែលក្រុមហ៊ុននឹងផ្តល់ជូន៕