បង់ប្រាក់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ងាយស្រួលហើយមិនមានថ្លៃសេវាពីវីង
ចាប់ពីថ្ងៃនេះតទៅ សប្បុរសជននឹងមានភាពងាយស្រួលជាងមុនក្នុងការចូលរួមវិភាគទានជួយដល់មូលនិធិ គន្ធបុប្ផាកម្ពុជា ដោយមិនចាំបាច់បង់ថ្លៃសេវាអ្វីឡើយ តាមរយៈគណនីវីង និងភ្នាក់ងារវីងជាង ៥០០០កន្លែងទូទាំង ប្រទេស។ នេះជាកិច្ចសហការរវាង ធនាគារឯកទេសវីង និងមូលនិធិគន្ធបុប្ផា ដើម្បីផ្តល់លទ្ធភាពឲ្យពលរដ្ឋកម្ពុជាចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
លោកចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា “កិច្ចសហការនេះ នឹងផ្តល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ក្នុងការផ្ទេរប្រាក់ដើម្បីជួយស្រោចស្រង់អនាគតកុមារនៅកម្ពុជា មិនថាពួកគាត់នៅទីណា ឬកំពុងធ្វើកិច្ចការអ្វីឡើយ។ នេះជាគោលបំណងរបស់ធនាគារឯកទេសវីង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់ មិនថាក្នុងរូបភាពពាណិជ្ជកម្ម ឬមនុស្សធម៌ក្តី។”
“ក្នុងនាមជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក យើងពិតជាចង់ចូលរួមចំណែកក្នុងការជួយប្រមូលវិភាគទានជូន មូលនិធិគន្ធបុប្ផាកម្ពុជា ហើយយើងសង្ឃឹមថា តាមរយៈសកម្មភាពនេះ យើងនឹងឃើញមានការចូលរួមជាច្រើនពីប្រជាជនកម្ពុជា ក្នុងការជួយអភិវឌ្ឍអនាគតកុមារកម្ពុជា។”
ការបង់ប្រាក់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជានេះ ចាប់ផ្តើមចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨តទៅ ដែលសប្បុរសជនអាចធ្វើការ បង់ប្រាក់ឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដោយមិនគិតថ្លៃសេវា តាមរយៈសេវាកម្មបីប្រភេទ ដែល ធនាគារឯកទេសវីងផ្តល់ជូន រួមមានៈ
១. ភ្នាក់ងារវីងៈ សប្បុរសជនគ្រាន់តែទៅកាន់ភ្នាក់ងារវីងណាមួយដែលនៅជិតពួកគេ ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ ឧបត្ថម្ភជាប្រាក់រៀល ឬដុល្លារ និងផ្តល់លេខទូរស័ព្ទសប្បុរសជនដល់ភ្នាក់ងារវីង។
២. កម្មវិធីស្មាតហ្វូន វីង: សប្បុរសជនគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូន វីង រួចចូលទៅកាន់ Bill Payment រួចបញ្ចូលលេខកូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ)។ បន្ទាប់មក សប្បុរសជន អាចបញ្ចូលចំនួនទឹកប្រាក់ដែលពួកគាត់ចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ រួចបញ្ចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់៤ខ្ទង់ ជាការស្រេច។
៣. តាមរយៈ *989#: សប្បុរសជនដែលមានគណនីវីង គ្រាន់តែចុច *៩៨៩# រួចចុចបញ្ចូននៅលើទូរស័ព្ទ និងជ្រើសយក Bill Payment រួចបញ្ចូលលេខកូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ)។ បន្ទាប់មក សប្បុរសជន អាចបញ្ចូលចំនួនទឹកប្រាក់ដែលពួកគេចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ រួចបញ្ចូលលេខទូរស័ព្ទ និងលេខកូដសម្ងាត់៤ខ្ទង់ ជាការស្រេច។
មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតជនជាតិស្វីស លោកបេអាត រិចឆ្នឺរ ដែលបើកដំណើរការ និងផ្ដល់សេវាព្យាលជំងឺដោយមិនគិតថ្លៃ ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅកម្ពុជា អស់រយៈពេលជាង ២៥ឆ្នាំហើយ។ ដោយមើលឃើញពីបញ្ហាប្រឈមផ្នែកថវិកា ដែលទាមទារឱ្យមានដំណោះស្រាយជាបន្ទាន់ និងរយៈពេលវែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបើកសម្ពោធមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។