ការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា

តុលា 14, 2024

ធនាគារ វីង មានមោទកភាពចំពោះការផ្តល់នូវភាពងាយស្រួលជាមួយផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ 

ធនាគារ វីង បានបន្តខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ដោយប្រកាន់ភ្ជាប់នូវបាវចនារបស់ខ្លួនក្នុងនាមជា “ធនាគារសម្រាប់កម្ពុជា”។ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើនសម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា ដែលផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ និងសេវាកម្មជាច្រើនទៀត ភាពលេចធ្លោរបស់ធនាគារ វីង គឺផ្តោតលើការផ្តល់ដំណោះស្រាយឌីជីថលដែលបានធ្វើទំនើបកម្មពីរបៀបងាយស្រួលដែលពលរដ្ឋកម្ពុជាទទួលបាននូវសេវាកម្មធនាគារ។ ជាមួយនឹងការប្តេជ្ញាចិត្ត ក៏ដូចជាផ្តល់នូវភាពងាយស្រួល​ដើម្បីលើកម្ពស់ជីវភាពរស់នៅអតិថិជនរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងនោះ ធនាគារ វីង ក៏មានការផ្តល់ជូននូវសេវាកម្មបញ្ចូលទឹកប្រាក់ទូរសព្ទ​ ការទូទាតតាម​ Wingpay ហើយថែមទាំងផ្តល់សេវាកម្មពាណិជ្ជកម្មអនឡាញតាមរយៈថ្នាលជីថលរបស់ខ្លួនដូចជា៖ Wingmall, Wingmarket និង Wingagri ជាដើម។ 

សព្វថ្ងៃនេះ ធនាគារ វីង បម្រើប្រជាជនកម្ពុជាទាំងមូលដោយគ្របដណ្តប់ ១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា ដោយផ្តោតលើសេវាកម្មលឿនរហ័ស សុវត្ថិភាព ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ជាច្រើនទៀតនៅលើស្មាតហ្វូនតាមរយៈពហុមុខងារអេប Wing Bank, ភ្នាក់ងារធនាគារ វីង ដែលមានជាង ១១.០០០ កន្លែង, ដៃគូអាជីវកម្មដែលជាង ១៤០.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, Western Union, Visa, UnionPay International, AliPay, WeChat Pay, Huawei, Oracle, Ria, Prudential Cambodia, GME, Japan Remit Finance, SentBe និងក្រុមហ៊ុនលំដាប់កំពូលផ្សេងៗទៀតជាច្រើន បន្ទាប់ពីទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញនៅចុងឆ្នាំ២០២០កន្លងមក ធនាគារ វីង បានពង្រីកវិសាលភាពរបស់ខ្លួនដោយបានបើកដំណើរការចំនួន ២៣សាខា​នៅទូទាំងប្រទេស ដែលជាការពង្រឹងគ្រឹះបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។ 

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “ការពង្រីកខ្លួនឥតឈប់ឈរទាំងនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើននូវវិសាលភាព ក៏ដូចជាផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ទៅដល់គ្រប់មជ្ឈដ្ឋាននៃសហគមនៅទូទាំងប្រទេសកម្ពុជា។” 

បេសកម្មចម្បងរបស់ធនាគារ វីង គឺការប្តេជ្ញាចិត្តចំពោះការផ្តល់ជូននូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ជាពិសេសអ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ។​ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រី ដែលធ្វើឱ្យធនាគារ វីង ក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។ ទាំងនេះគឺមានការចូលរួមគាំទ្រតាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមដ៏រឹងមាំមួយរួមមាន៖​ ភាពជាដៃគូរយៈពេលវែងជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដោយផ្ដល់នូវការគាំទ្រជាបន្តបន្ទាប់សម្រាប់ការងារសប្បុរសធម៌របស់ពួកគេនៅក្នុងវិស័យថែទាំសុខភាព,​ ការជួយទៅដល់កុមារទីទ័លក្រ​តាមរយៈអង្គការអាហ្វេស៊ីបកម្ពុជា ព្រមទាំងផ្តល់នូវការឧបត្ថម្ភមូលនិធិទៅដល់មន្ទីរពេទ្យកុមារអង្គរ មូលនិធិគន្ធបុប្ផាកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងគំនិតផ្តចផ្តើមសង្គមជាច្រើនផ្សេងទៀត។ 

ជាលទ្ធផលនៃការកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារ វីង បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេដែលបានទទួលពានរង្វាន់សុខុមាលភាពសង្គម និងការអភិវឌ្ឍដ៏ឆ្នើម សម្រាប់ការផ្ដល់ជំនួយក្នុងការចែករំលែកមូលនិធិសង្គ្រោះបន្ទាន់ពីកម្មវិធីផ្ទេរសាច់​ប្រាក់ ក្នុងគោលបំណងជួយប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានទទួលស្គាល់ ពីភាពជោគជ័យរបស់ធនាគារ វីង ក្នុងការរៀបចំ សិក្ខាសាលាហិរញ្ញវត្ថុរបស់ភ្នាក់ងារវីង និងយុទ្ធនាការលើកទឹកចិត្តឱ្យមានការបរិច្ចាគដើម្បីជួយដល់បេសកកម្មរបស់អាជ្ញាធរកម្ចាត់មីនកម្ពុជាក្នុងការធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។​  

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “យើងខ្ញុំប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការក្លាយខ្លួនជាធនាគារដែលមានទំនួលខុសត្រូវក្នុងសង្គម ដោយបង្កើតឥទ្ធិពលជាវិជ្ជមានដល់សង្គមតាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមគ្រប់ជ្រុងជ្រោយរបស់យើងខ្ញុំ។”​  

ដោយផ្តោតលើការប្តេជ្ញាចិត្តសំខាន់ៗទាំងនេះ បានធ្វើឱ្យធនាគារ វីង អាចសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារ វីងបានកើនឡើង ១៥១% បើធៀបទៅនឹងឆ្នាំ២០២ ដែលឈានទៅដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកគឺ ១,៥៩ ពាន់លានដុល្លារអាមេរិក។​ ខណៈដែលមូលដ្ឋានអតិថិជនរបស់យើងបានកើនឡើង ២៣% ក្នុងឆ្នាំ២០២៣ ដោយបានកើនដល់ ៨,៩លាន​នាក់។  

អ្នកឧកញ៉ា គិត​ ម៉េង បានមានប្រសាសន៍បន្ថែមទៀតថា៖ “បើសម្លឹងឆ្ពោះទៅមុខ ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា។​ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណ ដែលក្នុងដំណាក់កាលទី១បានកំណត់គោលដៅយ៉ាងច្បាស់លាស់ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

អានបន្ថែម៖ https://bit.ly/3U7dPP4