ធនាគារ វីង ជំរុញការធ្វើពាណិជ្ជកម្មដោយមិនគិតថ្លៃសេវារាល់ប្រតិបត្តិការទូទាត់ពន្ធគយ
ធ្នូ 7, 2023ការជួយសម្រួលទូទាត់ពន្ធគយ តាមរយៈធនាគារ វីង ដោយមិនយកថ្លៃសេវាបន្ថែម នឹងផ្តល់លទ្ធភាពទៅដល់ធុរជន និងរូបវន្តបុគ្គល ក្នុងការបង្កើនប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ដោយសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ដើម្បីផ្តល់ជូនដល់អ្នកប្រើប្រាស់នូវ អត្ថប្រយោជន៍នៃដំណើរការទូទាត់ពន្ធគយ និងកម្រៃសេវានាំចូល-នាំចេញផ្សេងៗ តាមរយៈធនាគារ វីង ដោយមិនចំណាយថ្លៃសេវាបន្ថែមនោះឡើយ។
កិច្ចសហការដ៏មានសារៈសំខាន់នេះបានអនុវត្តចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ តទៅ ក្នុងគោលបំណងជំរុញការរីកលូតលាស់សហគមន៍ធុរកិច្ច និងរួមចំណែកពន្លឿនដល់ការធ្វើទំនើបកម្មនីតិវិធីពន្ធគយនៅកម្ពុជាតាមរយៈនវានុវត្តបច្ចេកវិទ្យាឌីជីថល ។
អគរ ជាអង្គភាពដ៏មានសារៈសំខាន់មួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានភារកិច្ចចម្បងក្នុងការប្រមូលពន្ធជូនរដ្ឋលើទំនិញនាំចេញ-នាំចូលនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ទទួលបានទំនុកចិត្តក្លាយជាដៃគូរ អគរ ដើម្បីជួយសម្របសម្រួលដំណើរការទូទាត់ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធគយ ក៏ដូចជាបង្កើតបាននូវស្តង់ដារថ្មីមួយសម្រាប់នីតិវិធីពន្ធគយ ដែលជួយពង្រឹងប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញប្រព័ន្ធគយឆ្ពោះទៅរកប្រសិទ្ធភាពកាន់តែខ្ពស់ និងជួយពន្លឿនការសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសសេដ្ឋកិច្ចឌីជីថល។ ចក្ខុវិស័យនេះ ត្រូវបានដាក់ចេញដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការអាជីវកម្មនានា អាចដំណើរការទៅបានដោយរលូន និងងាយស្រួល ខណៈដែលការចាប់យកបច្ចេកវិទ្យាឌីជីថលនេះនឹងរួមចំណែកយ៉ាងសំខាន់នៅគ្រប់ទិដ្ឋភាពអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
លោក ហាន ប៉េងក្វាង បានថ្លែងថា៖ “តាមរយៈការផ្តល់នូវដំណោះស្រាយដ៏ងាយស្រួល និងឥតគិតថ្លៃសេវាសម្រាប់ការបង់ពន្ធគយ យើងអាចជួយកាត់បន្ថយការចំណាយពេលវេលា និងបន្ទុកផ្សេងៗទៅដល់ធុរជន ដើម្បីផ្តោតលើការរីកលូតលាស់អាជីវកម្មរបស់ពួកគេ។ កត្តានេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់យើងទទួលបាននូវភាពងាយស្រួលជាងមុនជាមួយនឹងជម្រើសជាច្រើនដើម្បីជួយសម្រួលក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធគយរបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់”។
ឥឡូវនេះ អតិថិជនធនាគារ វីង មានជម្រើសជាច្រើនដើម្បីទូទាត់ពន្ធគយដូចជា៖ កម្មវិធី Wing Bank App និងសេវាធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ វីង ដែលមធ្យោបាយទាំងនេះជួយកាត់បន្ថយពេលវេលាដ៏មានតម្លៃ ដោយមិនចាំបាច់ចំណាយពេលទៅធ្វើការទូទាត់ដោយផ្ទាល់នៅស្ថាប័នក្រសួងឡើយ។
ម្យ៉ាងវិញទៀត អតិថិជនធនាគារ វីងអាចប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួលនៅលើគេហទំព័រ អគរ។ អតិថិជនគ្រាន់តែចូលទៅកាន់មុខងារទូទាត់តាមអេឡិចត្រូនិក ហើយបន្ទាប់មកអាចចាប់ផ្តើមដំណើរការ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ វីង សម្រាប់ការទូទាត់ជាការស្រេច។
បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសការទូទាត់តាមបញ្ជរនៅទូទាំង ១៩ សាខារបស់ធនាគារ វីង ដែលងាយស្រួលរកស្ថិតនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ នៅពេលអញ្ជើញទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈរបស់ធនាគារ វីង អតិថិជនគ្រាន់តែបង្ហាញឯកសារពាក់ព័ន្ធ បន្ទាប់មកបំពេញលេខ Advice Number ចំនួន១២ខ្ទង់ ដើម្បីដំណើរការទូទាត់។ ក្រោយបំពេញឯកសារប្រតិបត្តិការធនាគារដែលពាក់ព័ន្ធ ហើយបញ្ជាក់ពីគោលបំណងទៅកាន់បុគ្គលិកបម្រើសេវាកម្មអំពីការទូទាត់សម្រាប់ការបង់ពន្ធគយជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អតិថិជនអាចសម្រេចប្រតិបត្តិការបានយ៉ាងងាយស្រួល។ មុនពេលចាកចេញ អតិថិជនត្រូវបានលើកទឹកចិត្តឲ្យត្រួតពិនិត្យមើលវិក័យបត្រទូទាត់ ដើម្បីប្រាកដថាដំណើរការនោះមានភាពត្រឹមត្រូវ។
បន្ថែមលើការផ្តល់ដំណោះស្រាយបង់ពន្ធគយដោយមិនគិតថ្លៃសេវាទៅដល់អតិថិជន ធនាគារ វីង ក៏ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជាច្រើនរួមទាំងគណនី Escrow (ឬសេវារក្សាសុវត្ថិភាព) ដែលអាចផ្តល់សុវត្ថិភាពសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងដំណោះស្រាយបើកប្រាក់បៀវត្ស Wingbiz+ ដែលមិនគិតថ្លៃសេវា ក៏ដូចជាមុខងារ និងសេវាកម្មជាច្រើនផ្សេងទៀតរបស់ធនាគារ វីង អាចជួយជំរុញការរីកចម្រើនទៅដល់រូបវន្តបុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា៕