ដាក់ប្រាក់ចូលគណនីធនាគារ វីង នៅតាមទីតាំងវីងទូទាំងប្រទេសឥតគិតថ្លៃសេវា
វិច្ឆិកា 29, 2023ឥឡូវនេះអតិថិជនអាចដាក់ប្រាក់ចូលក្នុងគណនីធនាគារ វីង នៅតាមទីតាំងវីងដែលមាននៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។
ក្នុងដំណើរឆ្ពោះទៅរកការលើកកម្ពស់ការផ្តល់សេវាកម្មហិរញ្ញវត្ថុងាយស្រួល ធនាគារ វីង (ខេមបូឌា) ម.ក បានធ្វើការកែសម្រួលសេវាកម្មឲ្យកាន់តែប្រសើរឡើង ដោយមិនយកថ្លៃសេវាចំពោះការដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង នៅតាមទីតាំងវីងទាំងអស់ដែលមាននៅក្នុងទូទាំងប្រទេសកម្ពុជា។
ការកែសម្រួលនេះ នឹងផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ទាំងអស់អាចដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ដែលជាសាច់ញាតិ ឬមិត្តភក្តិ ដោយមិនចាំបាច់ចំណាយថ្លៃសេវាបន្ថែមទៀតនោះឡើយ។
លោក ហាន ប៉េង ក្វាង អគ្គនាយកធនាគារ វីង មានប្រសាសន៍ថា ដំណើរការនេះត្រូវបានដាក់ចេញយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការឲ្យបានកាន់តែទូលំទូលាយទៅដល់អ្នកប្រើប្រាស់ ដើម្បីប្រាកដថាការដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ឬការទូទាត់ទំនិញ និងសេវាកម្មផ្សេងៗ អាចធ្វើទៅបានកាន់តែងាយស្រួល។
លោក ហាន ប៉េង ក្វាង បានថ្លែងថា៖ “គំនិតផ្តួចផ្តើមនេះគឺស្របជាមួយនឹងគុណតម្លៃស្នូលដ៏សំខាន់របស់យើង នោះគឺមានភាពច្នៃប្រឌិត និងការផ្តោតលើតម្រូវការអតិថិជន ដោយប្រាកដថាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់”។
ជាមួយការធ្វើឲ្យប្រសើរឡើងនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងដំណោះស្រាយក្នុងការដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ជាមួយទំហំទឹកប្រាក់ឥតដែនកំណត់ ដោយក្នុងមួយប្រតិបត្តិការអាចអនុញ្ញាតរហូតដល់ ៤.០០០.០០០រៀល (១.០០០ ដុល្លារ)។ ការផ្តល់ជូនដោយឥតគិតថ្លៃនេះ ជាការធ្វើឲ្យប្រសើរឡើងពីតម្លៃសេវាដែលបានអនុវត្តកន្លងមក គឺរាល់ពេលដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់នៅតាមទីតាំងវីងទៅក្នុងគណនីធនាគារ វីង តម្រូវឲ្យមានការបង់ថ្លៃសេវាបន្ថែមចាប់ពី ១.២០០ រៀលក្នុងមួយប្រតិបត្តិការ ដោយអាស្រ័យលើទំហំទឹកប្រាក់ដែលផ្ញើចេញ។
ដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីធនាគារ វីង អតិថិជនគ្រាន់តែអញ្ជើញទៅកាន់ទីតាំងវីងដែលនៅជិតបំផុត ហើយផ្តល់ព័ត៌មានចំាបាច់មួយចំនួនដូចជា ឈ្មោះ និងលេខគណនីរបស់អ្នកទទួល។ បន្ទាប់ពីបញ្ចប់ដំណើរការដាក់ប្រាក់រួចរាល់ អតិថិជនត្រូវបានលើកទឹកចិត្តឲ្យចែករំលែកវិក័យបត្រជាមួយភាគីអ្នកទទួល ដើម្បីប្រាកដថាប្រតិបត្តិការនោះបានដំណើរការដោយជោគជ័យ។ បន្ថែមពីនេះ អតិថិជនក៏អាចដាក់ប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមដ៏ទំនើបរបស់ធនាគារ វីង ដែលងាយស្រួលរកនៅតាមទីតាំងទាំង ១៩ សាខាស្ថិតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដើម្បីធ្វើការដាក់ប្រាក់ចូលគណនីធនាគារ វីង ដោយឥតគិតថ្លៃផងដែរ។
លើសពីនេះ អតិថិជនក៏ទទួលបាននូវប្រយោជន៍ពីការប្រើប្រាស់កម្មវិធី Wing Bank App នៅលើស្មាតហ្វូន ដែលអាចរីករាយជាមួយនឹងសេរីភាពក្នុងការផ្ទេរប្រាក់ទៅគណនីធនាគារក្នុងស្រុកផ្សេងៗទៀតដោយឥតគិតថ្លៃ។ ចំពោះអតិថិជនដែលមានកម្មវិធី Wing Bank App នៅលើស្មាតហ្វូនរួចរាល់ អាចផ្ទេរប្រាក់ទៅកាន់គណនីធនាគារ វីងដូចគ្នា ដែលអាចធ្វើប្រតិបត្តិការរហូតដល់ ១៥០.០០០ ដុល្លារក្នុងមួយថ្ងៃ។ ចំណែកការផ្ទេរសាច់ប្រាក់ទៅកាន់គណនីធនាគារក្នុងស្រុកផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធ KHQR អតិថិជនអាចធ្វើប្រតិបត្តិការជាមួយទំហំទឹកប្រាក់រហូតដល់ ៥០.០០០ ដុល្លារក្នុងមួយថ្ងៃ ដែលអាចផ្ញើរប្រាក់ទៅកាន់មិត្តភក្តិ និងសមាជិកគ្រួសារកាន់តែច្រើនជាងមុនដោយឥតគិតថ្លៃ។
ជាងនេះទៅទៀត រាល់ការទូទាត់នៅតាមហាងដែលប្រើប្រាស់មុខងារស្គេនទូទាត់តាមប្រព័ន្ធ KHQR អតិថិជនរបស់ធនាគារ វីង អាចធ្វើប្រតិបត្តិការជាមួយនឹងទំហំទឹកប្រាក់រហូតដល់ ១០០.០០០ ដុល្លារក្នុងមួយថ្ងៃ ដែលអតិថិជនកាន់តែរីករាយជាមួយនឹងបទពិសោធន៏ទិញទំនិញនៅតាមហាង ឬផ្សារទំនើបនានា។
បន្ថែមពីលើការប្រើប្រាស់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា អតិថិជនធនាគារ វីង ក៏អាចមានឱកាសទទួលបានអត្រាការប្រាក់ប្រកួតប្រជែងដោយគ្រាន់តែដាក់ប្រាក់នៅក្នុងគណនីសន្សំធនាគារ វីង ដែលអតិថិជនអាចទទួលបានអត្រាការប្រាក់ ៣ ភាគរយក្នុងមួយឆ្នាំ ហើយថែមទាំងអាចរីករាយជាមួយនឹងភាពបត់បែនក្នុងការដកសាច់ប្រាក់បានគ្រប់ពេលដែលមានតម្រូវការ។
អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទទួលយករបៀបរស់នៅតាមគន្លងថ្មីបែបឌីជីថលយ៉ាងពេញលេញជាមួយធនាគារ វីង ដូចជាការទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ ការទិញទំនិញតាមអ៊ីនធឺណិត ការទូទាត់សេវាធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀត៕