ខេមឡៃហ្វ និង ធនាគារ វីង សហការពង្រីកវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងនៅក្នុងទីផ្សារកម្ពុជា
ឧសភា 25, 2023ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះបានប្រកាសពីការរួមកម្លាំងគ្នា ដើម្បីរួមចំណែកជួយបង្កើនកម្រិតបរិយាប័ន្នហិរញ្ញវត្ថុ ដោយបង្កើនលទ្ធភាពក្នុងការទទួលបានសេវា ធានារ៉ាប់រងទៅដល់អតិថិជនកាន់តែច្រើន។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ ធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋកម្ពុជា ឲ្យបានយល់ដឹងកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់ផលិតផលធានារ៉ាប់រង ដែលជួយគាំំពារសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សុខភាព និងសុខមាលភាព។
លោក Johnson Chai See Hawk អគ្គនាយកក្រុមហ៊ុន ខេមឡៃហ្វ បានថ្លែងថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយធនាគារ វីង ជាធនាគារពាណិជ្ជដែលមានការរីកចម្រើនដ៏ឆាប់រហ័សមួយនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងនឹងរួមបញ្ចូលភាពខ្លាំងនៃស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវផលិតផលធានារ៉ាប់រងតម្លៃសមរម្យទៅដល់ពលរដ្ឋមានចំណូលមធ្យមកម្រិតទាប ដែលជាអតិថិជនរបស់ធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា” ។
លោក Johnson Chai See Hawk បានបន្តថា៖ “ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ខេមឡៃហ្វ ដោយផ្តល់ការការពារអាយុជីវិតដល់ប្រជាជនកម្ពុជាគ្រប់រូប តាមរយៈផលិតផលធានារ៉ាប់រងស៊ីមផល វ័ន (Simple One) និងការការពារផ្នែកសុខភាព តាមរយៈផលិតផល ដេលី ហូស្ពីថល ខេស (Daily Hospital Cash – DHC)។ ផលិតផលធានារ៉ាប់រង Simple One និង Daily Hospital Cash មានលក្ខណៈសាមញ្ញ ថែមទាំងមានតម្លៃសមរម្យត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមានចំណូលទាប និងមធ្យម។ ក្រុមហ៊ុន ខេមឡៃហ្វ តែងតែផ្តល់អាទិភាពខ្ពស់ដល់អតិថិជន ដោយប្រាកដថា ពួកគាត់មានទំនុកចិត្តលើ ខេមឡៃហ្វ ដែលតែងតែនៅជាមួយអតិថិជន ដើម្បីផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងភ្ជាប់ពួកគេទៅកាន់សុវត្ថិភាព” ។
ធនាគារវីង និងក្រុមហ៊ុន ខេមឡៃហ្វ បានត្រៀមខ្លួនរួមជាស្រេចដើម្បីផ្តល់ដំណោះស្រាយក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងទៅដល់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា ដែលជាការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “យើងជឿជាក់ថា ពលរដ្ឋកម្ពុជាគ្រប់រូបមិនថាមាន កម្រិតចំណូលបែបណានោះទេ គឺពួកគាត់ស័ក្តិសមនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុដែលអាចទុកចិត្តបាន” ។
លោក ហាន ប៉េងក្វាង បានបន្តថា៖ “តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ខេមឡៃហ្វ គឺបានគូសបញ្ជាក់ពីការតាំងចិត្តក្នុងការជួយទៅដល់អតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយទាក់ទងនឹងហិរញ្ញវត្ថុ ដើម្បីជួយគាំពារសុខមាលភាព និងមនុស្សជាទីស្រឡាញ់របស់ពួកគេ” ។
ធនាគារ វីង ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា ដោយផ្តោតលើប្រតិបត្តិការតាមបែបឌីជីថល កំពុងផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបទៅដល់ពលរដ្ឋកម្ពុជា។ ដោយមានបេសកម្ម ដើម្បីក្លាយជា “ធានាគារ សម្រាប់ប្រជាជនកម្ពុជា” ធនាគារ វីង បានប្តេជ្ញាក្នុងការលើកកម្ពស់កម្រិតជីវភាពក្នុងការរស់នៅរបស់អតិថិជន តាមរយៈការទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុតាមបែបឌីជីថល ដែលមានតម្លៃសមរម្យ។ ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ២០០៨ ធនាគារ វីង បានក្លាយជាធនាគារពាណិជ្ជ ដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។
បើនិយាយពីវិស័យធានារ៉ាប់រងខ្នាតតូច វិស័យនេះបានបង្ហាញសន្ទុះកំណើនគួរឲ្យកត់សម្គាល់ក្នុងទីផ្សារកម្ពុជា នៅក្រោយស្ថានភាពកូវីដ-១៩។ ក្រុមហ៊ុន ខេមឡៃហ្វ គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលទទួលបានពានរង្វាន់ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២១ (Best Micro Insurance Cambodia 2021) ពីវិទ្យាស្ថានសាជីវកម្មហិរញ្ញវត្ថុ (CFI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ហើយក្រុមហ៊ុននេះ បានដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារកំណើនធានារ៉ាប់រង ដោយបានរួមចំណែកទីផ្សារដល់ទៅ ១៨,៥ ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៣។
ប៊េងកាសួរេន (Bancassurance) គឺជាទម្រង់អាជីវកម្មដែលមានការរៀបចំជាកិច្ចសហការរវាង ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីផ្តល់នូវផលិតផលធានារ៉ាប់រងទៅកាន់អតិថិជនរបស់ធនាគារ។ ដោយមើលឃើញពីសក្តានុពលគំរូអាជីវកម្មក្នុងវិស័យនេះ ធនាគារជាតិ នៃកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា បានធ្វើការយ៉ាងជិតស្និតដើម្បីពង្រីក និងការអនុវត្តគំរូអាជីវកម្មនេះឲ្យស្របតាមក្របខ័ណ្ឌគតិយុត្តិរបស់ប៊េងកាសួរេន។
ប៊េងកាសួរេន ដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញភាពរីកចម្រើនវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយបានរួមចំណែកដល់ទៅ ៤០ ភាគរយនៃការលក់សរុបក្នុងវិស័យធានារ៉ាប់រងកាលពីឆ្នាំ២០២២។ កំណើននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការរួមចំណែករបស់គំរូអាជីវកម្ម ប៊េងកាសួរេន ដើម្បីជំរុញកំណើនក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា។ នៅត្រឹមឆ្នាំ២០៣០ កម្ពុជាគ្រោងកំណត់យកសូចនាករ ដែលត្រូវសម្រេចឲ្យបាននូវអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចឲ្យបាន ៥,៥ ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងឲ្យបាន ១៣៥ដុល្លារក្នុងមួយនាក់៕