កម្ពុជា! យើងរួមគ្នាពុះពារចេញពីគ្រាលំបាកមួយនេះទាំងអស់គ្នា!
មេសា 20, 2020ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩ វាមិនមែនបង្កត្រឹមជាវិបត្តិផ្នែកសុខភាពក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ តែវាកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស។
ស្របពេលដែលវិបត្តិនេះកំពុងកើតមានឡើង ក្នុងនាមជាស្ថាប័នមួយដែលមានការទទួលខុសត្រូវសម្រាប់សង្គម យើងមិនបានគិតគូរត្រឹមតែពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនផងដែរ ដែលពួកគេកំពុងរងផលប៉ះពាល់ពីវិបត្តិនេះ យើងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាជួយសហគមន៍យើងឱ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា។
ដោយសារការភ័យខ្លាចនៃការឆ្លងវីរុសកូវីដ-១៩នេះ ប្រជាជនបានដាក់កំហិតខ្លួនឯងលើការធ្វើដំណើរដោយរក្សាខ្លួននៅផ្ទះជាដើម។ រីឯអាជីវកម្មមួយចំនួនក៏កំពុងប្រឈមមុខនឹងការបិទទ្វារជាបណ្តោះអាសន្នដោយសារតែការផ្ទុះឡើងនៃវិបត្តិនេះផងដែរ ដែលនាំអោយមនុស្សជាច្រើនកំពុងព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ក្នុងចំណោមអ្នកទាំងនោះ គ្រួសារនៃក្រុមអ្នកប្រកបរបរបើកតុកតុកនិងមគ្គុទេសទេសចរណ៍ជាក្រុមដែលងាយរងគ្រោះបំផុតចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ ស្របពេលដែលប្រជាជនផ្អាកការធ្វើដំណើរចេញក្រៅផ្ទះញឹកញាប់ ហើយចំនួនអ្នកទេសចរមកទស្សនាប្រទេសរបស់យើងក៏មានការធ្លាក់ចុះស្ទើរតែសូន្យ។
គ្រាន់តែនៅក្នុងទីក្រុងភ្នំពេញតែមួយ មានប្រជាជនប្រមាណជាង ៥ ម៉ឺននាក់កំពុងប្រកបរបរបើកតុកតុកដើម្បីរកចំណូលសំរាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ។ បើយោងទៅតាមសមាគមអ្នកបើកបរតុកតុកនៅកម្ពុជា បានអោយដឹងថាជាធម្មតាអ្នកបើកបរតុកតុកម្នាក់ៗអាចរកប្រាក់បានជាមធ្យមរហូតដល់ ១៥ ដុល្លារក្នុងមួយថ្ងៃ ដោយឡែកបន្ទាប់ពីមានការរាតត្បាតជំងឺនេះ ពួកគេម្នាក់ៗរកចំណូលបានត្រឹមតែប្រមាណ ២ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃជាមធ្យម នៅពេលដែលពួកគេមួយចំនួនត្រូវការសងប្រាក់កម្ចីរបស់ធនាគារដែលទទួលសម្រាប់ទិញតុកតុកយកមកប្រកបរបរចិញ្ចើមជីវិតផងដែរ។
យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាបក៏បានអោយដឹងថា មានមគ្គុទេសទេសចរណ៍ប្រមាណ ៣០០០ នាក់ដែលបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កំឡុងពេលដែលសេវាកម្មផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចកំពុងប្រឈមគ្មានអ្នកប្រើប្រាស់ ជាហេតុនាំអោយពួកគេបាត់បង់ចំណូលពីវិស័យនេះ។
ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ចកម្ពុជា បុគ្គលិកនិងភ្នាក់ងាររបស់ធនាគារឯកទេសវីងបានផ្តួចផ្តើមគំនិតអោយមានគាំទ្រដល់ក្រុមគ្រួសារអ្នកបើកបរតុកតុកនិងមគ្គុទេសទេសចរណ៍ ដើម្បីជួយពួកគេឲ្យឆ្លងផុតគ្រាលំបាកនេះនៅទូទាំងប្រទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រួសារនីមួយៗត្រូវបានគេរំពឹងថានឹងទទួលបានជំនួយហិរញ្ញវត្ថុជារៀងរាល់ខែ ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋាននៅក្នុងគ្រួសាររបស់ពួកគេ។
ដោយសារតែស្ថានភាពជំងឺកូវីដ១៩ដែលមិនធ្លាប់មានពីមុនមកនេះ ធនាគារឯកទេសវីងសូមលើកទឹកចិត្តឲ្យអ្នករាល់គ្នាចូលរួមបរិច្ចាគថវិការក្នុងគំនិតផ្តួចផ្តើមនេះ និងគាំទ្រជាមួយវីង។ ការចូលរួមគាំទ្រដ៏សប្បុរសរបស់លោកអ្នកមិនត្រឹមតែមានសារៈសំខាន់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជម្រុញអោយប្រជាជនដ៏ទៃទៀតជួយការពារសហគមន៍របស់យើងផងដែរ។ មិនថាពិភពលោកជួបការលំបាកអ្វីក៏ដោយ យើងនឹងនៅតែរឹងមាំនៅពេលដែលយើងចូលរួមជាធ្លុងមួយជាមួយគ្នា។
លោកអ្នកអាចចូលរួមជួយប្រជាជនដែលខ្វះខាត តាមរយៈការបរិច្ចាគថវិការទៅគណនីមូលនិធិរបស់វីង សម្រាប់គណនីប្រាក់រៀលសូមផ្ញើរទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់គណនីប្រាក់ដុល្លារ ។ ឬក៏អាចបរិច្ចាគតាមរយៈភ្នាក់ងារវីងណាមួយក្នុងចំនោមភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចូលរួមជាមួយវីង ដើម្បីជួយដល់សហគមន៍របស់យើង សូមចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ឬទៅកាន់ភ្នាក់ងារវីងដែលនៅក្បែរអ្នក ឬហៅទៅកាន់លេខ ៨៥៥ ២៣ ៩៩៩ ៩៨៩ | ០១២ ៩៩៩ ៤៨៩ ។
សូមឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព។ សូមអ្នកទាំងអស់គ្នារក្សាភាពរឹងមំាឡើង។ យើងរួមគ្នាពុះពារចេញពីគ្រាលំបាកមួយនេះទាំងអស់គ្នា។