កម្ពុជា និងសិង្ហបុរីជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំតាមរយៈគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដែលដំណើរការដោយថ្នាលឌីជីថល Proxtera

កក្កដា 4, 2024

សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា និងសិង្ហបុរី ត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ពីបរិយាកាសពាណិជ្ជកម្មឆ្លងដែនកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធភាពជាងមុនគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដែលត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៣ក្រោមការត្រួតពិនិត្យដោយធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ឥឡូវនេះបានដាក់​ឱ្យដំណើរការពេញលេញនៅក្នុងដំណាក់កាលសាកល្បងជាលើកដំបូង ដែលដំណើរការដោយហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Proxtera មានមូលដ្ឋានៅក្នុងប្រទេសសិង្ហបុរី 

ថ្នាល FTC ជួយ​សម្រួល​ការទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានរវាងគ្រឹះស្ថានហិរញ្ញវត្ថុប្រទេសទាំងពីរ ថែមទាំងជួយបង្កើនទំនុកចិត្ត និងតម្លាភាព ធ្វើឱ្យ​ការ​វាយ​តម្លៃ​ហានិភ័យ​ឥណទាន​មាន​ភាព​ត្រឹមត្រូវ​ជាង​មុន និង​បង្កើន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ឆាប់រហ័សសម្រាប់ SME ដែលចូលរួមធ្វើពាណិជ្ជកម្មឆ្លងដែន។ 

ថ្នាល FTC ជួយបំពេញចំណុចខ្វះចន្លោះក្នុងការផ្លាស់ប្តូរព័ត៌មាននាពេលបច្ចុប្បន្នរវាងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ដែលកន្លងមកបង្កើតជាឧបសគ្គសម្រាប់ SME ក្នុងការចូលរួមធ្វើពាណិជ្ជកម្មឆ្លងដែនដើម្បីទទួលបានហិរញ្ញប្បទាន។គ្រឹះស្ថានហិរញ្ញវត្ថុមានកង្វះខាតផ្នែកតម្លាភាពលើទម្រង់ហានិភ័យរបស់សហគ្រាសធុនតូច និងមធ្យម ដែល​នាំឱ្យការសម្រេចចិត្តផ្តល់ហិរញ្ញប្បទាន​មានភាពយឺតយ៉ាវ និងរារាំងកំណើន។ 

វត្តមានថ្នាល FTC អាចជួយដោះស្រាយបញ្ហាប្រឈមនេះដោយបង្កើតបានជាថ្នាលមួយសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសទាំងពីរងាយស្រួលក្នុងការទំនាក់ទំនង និងផ្ទៀងផ្ទាត់ការចែករំលែកព័ត៌មានផ្សេងៗឧទាហរណ៍ ឥឡូវនេះគ្រឹះស្ថានហិរញ្ញវត្ថុរបស់សិង្ហបុរីមួយអាចប្រើប្រាស់ថ្នាល FTC ដើម្បីទទួលបានព័ត៌មានអាចទុកចិត្តបានពីគ្រឹះស្ថានហិរញ្ញវត្ថុមួយនៅកម្ពុជា អំពីអ្នកលក់ផលិតផលរបស់ SME មួយនៅកម្ពុជា ដែលធ្វើឱ្យការវាយតម្លៃព័ត៌មានកាន់តែច្បាស់ជាងមុនសម្រាប់ការធ្វើប្រតិបត្តិការឆ្លងដែននៃការបញ្ជាទិញពី SME នៅសិង្ហបុរី។  

ការណ៍នេះ ជួយបង្កើន ក៏ដូចជាគ្រប់គ្រងការសម្ងាត់នៃការផ្លាស់ប្តូរទិន្នន័យតាមរយៈយន្តការដ៏រឹងមាំ ដែលធ្វើឱ្យការគ្រប់គ្រង និងការវាយតម្លៃហានិភ័យឥណទានកាន់តែប្រសើរ ដែលជំរុញកំណើនពាណិជ្ជកម្មឆ្លងដែន និងគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់រវាងសិង្ហបុរី​ និងកម្ពុជា។ 

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដំបូងគេចូលរួមតភ្ជាប់ក្នុងថ្នាលនេះមានដូចខាងក្រោម 

  • ភាគីកម្ពុជារួមមាន ធនាគារ វីង ធនាគារ ហ្វីលីព ធនាគារ ស្ថាបនា ធនាគារ អេស៊ីលីដា ធនាគារ ABA
  • ភាគីសិង្ហបុរីរួមមាន ធនាគារ ANEXT គ្រឹះស្ថាន Liquid Group និងគ្រឹះស្ថាន Sing Investments & Finance Limited។ 

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ ធនាគារ វីង មានសេចក្តីសោមនស្សរីករាយចំពោះការចូលរួមជាមួយថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុដ៏មានភាពច្នៃប្រឌិតនេះ ដែលជាថ្នាលមួយជួយបង្កើនទំនុកចិត្តរវាងគ្រឹះស្ថានហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញ SME នៅកម្ពុជា និងសិង្ហបុរីអាចរីកលូតលាស់តាមរយៈបរិយាកាសនៃការធ្វើពាណិជ្ជកម្មមួយប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពទៀតផង ច្រករបៀងដ៏សំខាន់នេះនឹងផ្តល់ឱកាសអាជីវកម្មថ្មីសម្រាប់ SME នៅក្នុងប្រទេសទាំងពីរ ដែលជាការត្រួសត្រាយផ្លូវជំរុញឱ្យមានកិច្ចសហការកាន់តែច្រើនឡើង ហើយអាចរីកលូតលាស់កាន់តែប្រសើរថែមទៀតនៅក្នុងតំបន់។ 

លោកស្រី ម៉ារ អមរា ប្រធានស្តីទី និងជាអគ្គនាយកគ្រប់គ្រងធនាគារ អេស៊ីលីដា បានលើកឡើងថា​៖ ធនាគារ អេស៊ីលីដា មានមោទកភាពដែលបានចូលរួមក្នុងដំណាក់កាលចាប់ផ្តើមនៃគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងធនាគារជាតិ នៃកម្ពុជា និងអជ្ញាធររូបិយវត្ថុសិង្ហបុរី។ គំនិតផ្តួចផ្តើមនេះផ្តល់នូវជម្រើសជូនអតិថិជនសម្រាប់ SME ដោយផ្តល់នូវបរិយាកាសនៃការធ្វើពាណិជ្ជកម្មឆ្លងដែនមួយកាន់តែងាយស្រួល និងប្រកបដោយប្រសិទ្ធិភាព។ SME នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង ដោយទទួលបានឱកាសសម្រាប់ការពង្រីកបណ្តាញនៅទូទាំងសកលលោក។  

លោក Ong Teong Hoon អគ្គនាយក និងជាតំណាងភាគទុនិក ធនាគារ ហ្វីលីព បានលើកឡើងថា៖  ធនាគារហ្វីលីពនៅកម្ពុជា គឺជាផ្នែកមួយនៃក្រុមហ៊ុនវិនិយោគ Phillip Capital Group មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ហើយវត្តមានរបស់ក្រុមហ៊ុននេះនៅកម្ពុជារួមមានក្រុមហ៊ុនធានារ៉ាប់ទូទៅ Phillip General Insurance ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Phillip Life Assurance និងក្រុមហ៊ុនបរធនបាល Phillip Trusteeក្នុងនាមជាធនាគារសិង្ហបុរី ធនាគារ ហ្វីលីពពិតជាមានសេចក្តីរីករាយដែលស្ថិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដំបូងគេចូលរួមក្នុងគំនិតផ្តួចផ្តើមនៃគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។​ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យយើងអាចបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អតិថិជនសាជីវកម្ម និងSME នានារបស់យើង ដោយបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរបន្ថែមទៀត។ ជាមួយនឹងការងើបឡើងនៃសេដ្ឋកិច្ចឌីជីថល របាំងជារូបវន្តនឹងត្រូវបានកាត់បន្ថយយ៉ាងច្រើនរវាងប្រទេសទាំងពីរ ហើយធនាគារ ហ្វីលីព មានការរំពឹងទុកពីការអភិវឌ្ឍរបស់ថ្នាល FTC នៅក្នុងតំបន់ចំពោះការជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់រីកចម្រើនបន្ថែមទៀត។ 

លោក Iwasa Tomoyuki ប្រធាននាយកប្រតិបត្តិស្តីទីធនាគារ ស្ថាបនា បានលើកឡើងថា៖ ធនាគារ ស្ថាបនា មានសេចក្តីរីករាយក្នុងការប្រើប្រាស់ថ្នាលឌីជីថលនេះដើម្បីពន្លឿនដំណើរការវាយតម្លៃ និងអនុម័តកម្ចីបានលឿនរហ័ស ជំរុញកំណើនឥណទាន ព្រមទាំងជួយអតិថិជនក្នុងការកាត់បន្ថយហានិភ័យនៃការធ្វើពាណិជ្ជកម្មឆ្លងដែនផងដែរ។ ថ្នាល FTC ក៏អាចជួយក្រុមហ៊ុននាំចេញនាំចូលផងដែរ ដូចជាក្រុមហ៊ុនកូមិនខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារៈសំណង់ពី SME ជាច្រើនៅសិង្ហបុរី ដើម្បីទទួលបានអត្ថប្រយោជន៍ពីដើមទុនង្វិលបន្ថែមដោយមិនចាំបាច់មានទ្រព្យបញ្ចាំនោះឡើយ។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានលើកឡើងថា៖  ធនាគារ  ABA មានសេចក្តីរីករាយក្នុងការចូលរួមក្នុងច្រករបៀងតម្លាភាពហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនេះ ដែលនឹងធ្វើឱ្យកិច្ចសហការវាង​គ្រឹះស្ថានហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរីកាន់តែប្រសើរឡើង​ ហើយផ្តល់នូវមធ្យោបាយអាជីវកម្មមួយកាន់តែងាយស្រួល និងប្រសិទ្ធភាពជាងមុនសម្រាប់ដំណើរការអាជីវកម្មរបស់ SME ក្នុងស្រុក។ យើងមានមោទកភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ដែលមានគោលបំណងលើកកម្ពស់ និងបង្កើនពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាផ្តល់នូវសេវាកម្មធនាគារកាន់តែប្រសើរថែមទៀតសម្រាប់អតិថិជនរបស់យើង។ ច្រករបៀងថ្មីនេះប្រាកដណាស់ថា នឹងបង្កើតឱកាសអាជីវកម្មកាន់តែច្រើនថែមទៀតសម្រាប់ក្រុមហ៊ុននានាទាំងនៅសិង្ហបុរី និងកម្ពុជា 

អ្នកស្រី Toh Su Mei នាយកប្រតិបត្តិធនាគារ ANEXT បានលើកឡើងថា៖ ពាណិជ្ជកម្មឆ្លងដែន ពិតជាមានសារៈសំខាន់ណាស់ចំពោះកំណើនសេដ្ឋកិច្ច និងSME ហើយហេដ្ឋារចនាសម្ព័ន្ធឌីជីថលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននេះកាន់តែរីកធំធាត់ជាងមុន។ គំនិតផ្តួចផ្តើមដូចជាថ្នាល FTC នឹងផ្តល់ប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្តកាន់តែប្រសើរថែមទៀត សំខាន់ជាងនេះទៀត ថ្នាលFTC ក៏អាចកាត់បន្ថយឧបសគ្គនានាដែលធ្វើឱ្យការទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល ហើយមិនថាតែអាជីវកម្មតូច ឬធំ សុទ្ធសឹងតែអាចមានឱកាសរីកលូតលាស់តាមរយៈការចូលរួមធ្វើពាណិជ្ជកម្មឆ្លងដែន។ ធនាគារ ANEXT មានមោទកភាពដែលក្លាយជាផ្នែកមួួយនៃព្រឹត្តិការណ៍ថ្ងៃនេះ ចំពោះការចូលរួមជួយទៅដល់ SME នៅសិង្ហបុរី និងកម្ពុជា អាចឱ្យប្រើប្រាស់បណ្តាញពាណិជ្ជកម្មឌីជីថល ហើយធនាគារ ANEXT ជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេមួយនៅក្នុងប្រទេសសិង្ហបុរីបានចូលរួមជាមួយថ្នាល FTC ដោយមានកិច្ចសហការពីក្រុមហ៊ុន Proxteraតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលជំរុញដោយភាពច្នៃប្រឌិតរបស់យើង យើងខ្ញុំនៅតែបន្តការប្តេជ្ញាចិត្តដើម្បីផ្តល់សិទ្ធិអំណាចទៅដល់SME ទាំងនៅក្នុងស្រុក​ និងក្នុងតំបន់ ដោយផ្តល់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយតាមប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព។ 

លោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group បានលើកឡើងថាយើងខ្ញុំពិតជាមានសេចក្តីរីករាយក្នុងនាមជាក្រុមហ៊ុនបចេ្ចកវិទ្យាហិរញ្ញវត្ថុទទួលបានទំនុកចិត្តចូលរួមនៅក្នុងគំនិតផ្តួចផ្តើម​នេះ។ ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ គឺបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មឆ្លងដែនសម្រាប់ SME វាងប្រទេសសិង្ហបុរី និងកម្ពុជាប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល។ ការចែករំលែកព័ត៌មានដ៏ទូលំទូលាយរវាងភាគីទាំងពីរ និងផ្តល់នូវតម្លាភាពពេញលេញក្នុងការធ្វើពាណិជ្ជកម្មដោយភាពច្បាស់លាស់ ហើយធ្វើឱ្យយើងខិតទៅកាន់តែជិតក្នុងការសម្រេចបាននូវការទូទាត់ឆ្លងដែនរវាងអាជីវកម្ម និងអាជីវកម្ម សម្រាប់អ្នកចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនេះ។  

លោក Lee Sze Siong អគ្គនាយករងក្រុមហ៊ុន Sing Investments & Finance Limited ( SingFinance) បានលើកឡើងថា៖  ក្នុងនាមជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ គឺជាកិត្តិយសសម្រាប់ក្រុមហ៊ុន SingFinance។ យើងខ្ញុំមានទំនុកចិត្តថាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនេះនឹងពង្រឹងការវាយតម្លៃឥណទាន និងជួយពង្រឹងដំណើរការប្រព័ន្ធ AML និង KYC របស់យើងឱ្យកាន់តែរឹងមាំថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្មហិរញ្ញប្បទាននៅក្នុងតំបន់អាស៊ាន និងតំបន់រីកចម្រើនផ្សេងទៀត។ ការណ៍នេះគឺស្របជាមួយនឹងយុទ្ធសាស្រ្តរបស់យើង ដែលផ្តោតលើបរិវត្តកម្មឌីជីថល ហើយការប្តេជ្ញាចិត្តរបស់យើងចំពោះការគាំទ្រSME ក្នុងស្រុកក្នុងការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសផ្សេងៗទៀតក្រៅពីប្រទេសសិង្ហបុរី។  

អ្នកស្រី Jocelyn Chng នាយកប្រតិបត្តិក្រុមហ៊ុន JR Group of Companies បានលើកឡើងថា៖ គំនិតផ្តួចផ្តើមនេះផ្តល់ភាពងាយស្រួលដល់ធនាគារយើងខ្ញុំក្នុងការធ្វើបច្ចុប្បន្នភាពអំពីការធ្វើពាណិជ្ជកម្មឆ្លងដែននាពេលខាងមុខ ​ ហើយថែមទាំងអាចមានសមត្ថភាពផ្ទៀងផ្ទាត់ព័ត៌មានលម្អិតដែលចាំបាច់។​ ថ្នាល FTC ក៏ផ្តល់នូវសុវត្ថិភាពបន្ថែមមួយកម្រិតទៀត​សម្រាប់អាជីវកម្មរបស់យើង ដោយសារតែដំណើរការផ្ទៀងផ្ទាត់របស់ធនាគារត្រូវប្រាកដថាព័ត៌មានដែលផ្តល់ដោយភាគីពាក់ព័ន្ធទាំងនោះអាចទុកចិត្តបាន។ តាមរយៈថ្នាលFTC យើងមានទំនុកថាយន្តការនេះនឹងជួយសម្រួលការធ្វើពាណិជ្ជកម្មផ្នែកកសិកម្មជាមួយភាគីកម្ពុជា ដែលជាដៃគូពាណិជ្ជកម្មដំបូងរបស់យើង។ យើងខ្ញុំមានការរំពឹងទុកថា ការចូលរួមជាមួយគំនិតផ្តួចផ្តើមថ្នាល FTC និងការប្រើប្រាស់ថ្នាលពាណិជ្ជកម្មឌីជីថលរបស់ក្រុមហ៊ុន Proxtera នឹងជួយជំរុញអាជីវកម្មរបស់យើងខ្ញុំកាន់តែរីកចម្រើន។​  

លោក Saurav Bhattacharyya នាយកប្រតិបត្តិក្រុមហ៊ុន Proxtera បានលើកឡើងថា៖ ក្រុមហ៊ុន Proxtera មានមោទកភាពក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ថ្នាល FTC ដើម្បីជំរុញការបង្កើនពាណិជ្ជកម្ម និងពន្លឿនការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសិង្ហបុរី។ ថ្នាលឌីជីថលរបស់យើងអាចធានាបានថាគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរីអាចចែករំលែកព័ត៌មានប្រកបដោយទំនុកចិត្តជាមួយភាគីគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗទៀតបាន។ យើងខ្ញុំពិតជាមានសេចក្តីរីករាយឥតឧបមាដែលមានដូចជា៖ ធនាគារ ANEXT, ក្រុមហ៊ុនLiquid Group, គ្រឹះស្ថាន SingFinance ពីប្រទេសសិង្ហបុរី, ធនាគារ វីង, ធនាគារ ហ្វីលីព, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា និងធនាគារ ABA មកពីប្រទេសកម្ពុជាដែលជាគ្រឹះស្ថានហិរញ្ញវត្ថុុឈានមុខគេក្នុងចូលរួមក្នុងដំណាក់កាលសាកល្បងលើកដំបូងនៃការប្រើប្រាស់ថ្នាល FTC ដំណើរការដោយហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Proxtera