វីងទទួលពានរង្វាន់នៅក្នុងកម្មវិធី Asia’s Best Employer Brand Awards ប្រចាំឆ្នាំ២០២០
វីងទទួលពានរង្វាន់មួយទៀតសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិក។
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានបន្តបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនតាមរយៈបន្តធ្វើជាម្ចាស់ពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award) ប្រចាំឆ្នាំ២០២០ ក្នុងពិធីប្រចាំឆ្នាំលើកទី១១ដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress កាលពីខែតុលាថ្មីៗនេះ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស បានមានប្រសាសន៍ថា៖ «ស្របតាមចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប វីងមិនត្រឹមតែដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានពានរង្វាន់នេះបានបង្ហាញពីការតាំងចិត្តដ៏មុតមាំសម្រាប់បុគ្កលិករបស់ខ្លួន។ យើងបានវិនិយោគលើបុគ្គលិករបស់យើងក្នុងការកសាងសមត្ថភាពរបស់ពួកគេឲ្យក្លាយជាអ្នកដឹកនាំពោពេញទៅដោយថាមពលតាមរយៈកម្មវិធីអភិវឌ្ឍន៍ជាច្រើន និងបានផ្តល់ឱកាសដល់ពួកគេសម្រាប់ការរីកចម្រើនផងដែរ»។
ដោយមានអ្នកជំនាញជិត ២០០០ នាក់មកពីជាង ១៣៣ ប្រទេស The World HRD Congress បានទទួលស្គាល់ ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដោយរួមមាន៖ក្រុមហ៊ុនសែលកាត(Cellcard) និងក្រុមហ៊ុនអ៊ីស៊ីខម Ezecom ផងដែរ។ The World HRD Congress ជាអង្គការឯករាជ្យមិនរកប្រាក់ចំណេញមួយ ដែលមានទិសដៅធ្វើឱ្យការងារ និងជីវិតរស់នៅកាន់តែល្អប្រសើរឡើង។
លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីង បានឲ្យដឹងថា៖ «វីងផ្តល់ឱកាសជាច្រើនដល់បុគ្គលិកដើម្បីឲ្យពួកគេអាចចែករំលែកទស្សទាន ចូលរួមក្នុងការបង្កើតអ្វីថ្មីៗនិង ទទួលបានព័ត៌មានជាប្រចាំពីថ្នាក់ដឹកនាំតាមរយៈការជួបជុំ កម្មវិធីវប្បធម៌ក៏ដូចជាសកម្មភាពជួយសហគមន៍ជាច្រើនផ្សេងទៀត។ វីងប្តេជ្ញារក្សារគោលដៅរបស់យើងឲ្យក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតក្នុងព្រះរាជាណាចក្រសម្រាប់អ្នកស្វែងការងារ»។
វិទ្យាស្ថាន The Employer Branding Instituteនិង World HRD Congress បានអបអរសាទរចំពោះវីងក្នុងការទទួលបានភាពជោគជ័យលើការលើកកម្ពស់បរិយាកាសការងារប្រកបដោយភាពវិជ្ជមាន។
«World HRD Congress លើកទឹកចិត្តដល់ធនាគារឯកទេស វីង (ខេមបូឌា)លីមីតធីត សូមបន្តនូវកិច្ចការងារដ៏ល្អ និងចែករំលែកការអនុវឌ្ឍន៍ដ៏ប្រសើរទាំងនេះដល់អ្នកផ្សេងទៀត ដើម្បីបង្កើតបានជាកន្លែងធ្វើការដ៏ល្អនិងមានវប្បធម៌ប្រសើរ។ ពានរង្វាន់នេះនឹងជួយពង្រីកវិសាលភាពនិងលើកទឹកចិត្តនិយោជិករបស់ធនាគារឯកទេសវីង ឱ្យធ្វើអ្វីៗបន្ថែមទៀតដើម្បីសម្រេចគោលដៅរបស់ស្ថាប័នពួកគេ» ។ នេះបើតាមសារអបអរសាទរតាមប្រព័ន្ធអេឡិចត្រូចនិចរបស់World HRD Congress។
វីងមានគោលបំណងជាក់លាក់ដើម្បីពង្រឹងស្ថាប័នមួយនេះឲ្យក្លាយជាកន្លែងធ្វើការដ៏ល្អបំផុត។ ក្នុងនាមជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា បុគ្គលិករបស់វីងបានកើនឡើងជាបន្តបន្ទាប់ឆ្លើយតមទៅនឹងកំណើននៃអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែងក្នុងឆ្នាំ២០១៩ បុគ្គលិកវីង បានកើនឡើងដល់ទៅ៤៥១នាក់ស្មើរហ្នឹង២២%បើប្រៀបធៀបកាលពីឆ្នាំទៅ។ វីងបានបន្តបង្កើនចំនួនបុគ្គលិករបស់ខ្លួនរហូតដល់ទៅ៥៨៩នាក់ក្នុងឆ្នាំ២០២០ បើទោះបីមានការរីករាតត្បាតជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។
តាមរយៈការប្តេជ្ញាចិត្តរបស់វីងចំពោះការរក្សានិងអភិវឌ្ឍន៍បុគ្គលិករបស់ខ្លួន វីងបានជោគជ័យបង្កើតកម្មវិធីពង្រឹងសមត្ថភាពរបស់បុគ្គលិកជាច្រើន។ ក្នុងឆ្នាំកន្លងទៅ វីងបានប្រើប្រាស់ពេល១១០០០ម៉ោងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ដល់ជាង៤៤៥និយោជិកដោយរួមបញ្ចូលទាំងបុគ្គលិកចាស់និងបុគ្គលិកថ្មី។
លើសពីនេះទៅទៀតជារៀងរាល់ឆ្នាំ វីងផ្តល់ឱកាសដល់និស្សិតមកពីស្ថាប័នផ្សេងៗនៃគ្រឹះស្ថានឧត្តមសិក្សាជាច្រើនដើម្បីចុះកម្មសិក្សា ហើយ៧៥%នៃពួកគេបានក្លាយជាបុគ្គលិកពេញម៉ោងរបស់វីង។
វីងបានចូលរួមចំណែកជួយដល់សហគមន៍ជាច្រើនតាមរយៈការបន្តលើកទឹកចិត្តបុគ្គលិករបស់ខ្លួនឲ្យចូលរួមកិច្ចការសង្គមនានារួមមាន៖ កិច្ចការសប្បុរសធម៌ ការបរិច្ចាគនិងឧបត្ថម្ភ ការថែរក្សាបរិស្ថាន កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងកម្មវិធីពង្រឹងសិទ្ធិអំណាចយេនឌ័រជាដើម។