ធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់
មករា 17, 2020ភ្នំពេញ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) និងធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត ប្រកាសជាសាធារណៈ ស្តីអំពីពិធីដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត។
ពិធីដាក់ឱ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់នេះ មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ ។
កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការ ដូចខាងក្រោម៖
- ១- ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង
- ២- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនីវីង
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ “ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត បានចាប់ដៃគូជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់និងទូទាត់ប្រាក់របស់ស្ថាប័នទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីលើកកម្ពស់ក្នុងការពង្រីកប្រតិបត្តិការធនាគារទាំងពីរឱ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារទាំងពីរ អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា។ កិច្ចសហប្រតិបត្តិការនេះ នាំឲ្យធនាគារយើងទាំងពីរមានបណ្តាញប្រតិបត្តិការសម្បូរបែបចំនួន៤៣.៤៧៦កន្លែង គ្របដណ្តប់គ្រប់ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស ដែលជំរុញឲ្យសេវាផ្ទេរបា្រក់កាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ សមិទ្ធផលនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន និងសាធារណៈជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជន ជាមួយនឹងការកាត់ បន្ថយចំណាយ និងហានិភ័យ។ ឥឡូវនេះ អតិថិជនឥណទាន និងអតិថិជនដែលមានគណនីនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើទូទាត់សងឥណទាន និងធ្វើការដក-ដាក់សាច់ប្រាក់ នៅតាមបណ្តាញប្រតិបត្តិការរបស់ធនាគារទាំងពីរគ្រប់ទីកន្លែងទូទាំងប្រទេស។”
លោកបណ្ឌិតបានបន្ថែមថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឌីជីថល ដែលមាន អេស៊ីលីដា យូនីធី ទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងសម្បូរបែបតាមរយៈទូរស័ព្ទដៃដោយខ្លួនឯង។ គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដា យូនីធី ទាន់ចិត្ត ជាសេវាធនាគារតាមទូរស័ព្ទដែលដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដា យូនីធី ទាន់ចិត្ត ចំនួន ១,២២៦,៣៨៣ ជាលក្ខណៈបុគ្គល និង ៣០,៩៨៩ ជាលក្ខណៈដៃគូ។”
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖“ទាំងធនាគារ ឯកទេស វីង និង ធនាគារ អេស៊ីលីដា ភីអិលស៊ី សុទ្ធសឹងតែមានចក្ខុវិស័យដូចគ្នាក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អដល់សហគមន៍ ដែលធ្វើឱ្យគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ ក្រុមហ៊ុនវីង ក្នុងនាមជាធនាគារឯកទេស មានការជឿជាក់លើទស្សនៈវិស័យដែលប្រើសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត ដើម្បីផ្តល់នូរផលិតផល និងដំណោះស្រាយផ្សេងៗ ដែលចាំបាច់និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប ឱ្យកាន់តែមានភាពងាយស្រួល។”
តាំងពីចាប់ផ្តើមក្នុងឆ្នាំ២០០៩មក ធនាគារ ឯកទេស វីង បានប្តេជ្ញាចិត្តក្នុងការជម្រុញ ឌីជីថល និង យេនឌ័រ និងការដាក់រួមបញ្ចូលហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ធនាគារ ឯកទេស វីង បានធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជារាប់លាននាក់ រីករាយជាមួយនឹងភាពងាយស្រួល ក៏ដូចជាសុវត្ថិភាព នៅពេលប្រើប្រាស់នូវសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត ដោយបង្កើតបណ្តាញភ្នាក់ងារវីងផ្ទេរប្រាក់លំដាប់ពិភពលោកជាឆ្អឹងខ្នងរបស់ខ្លួន ដោយស្ទើរតែ ៨០ ភាគរយនៃភ្នាក់ងារវីងគឺជាស្រ្តី ហើយនេះជាលើកកម្ពស់យេនឌ័រ និងការរួមបញ្ចូលវិស័យហិរញ្ញវត្ថុ ដ៏សំខាន់មួយ នៅចំណោមសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម នៅកម្ពុជា។
លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា៖ “ យើងជឿជាក់ថា ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ នឹងអាចឱ្យយើងអាចផ្តល់ដល់អតិថិជនរបស់ធនាគារអេស៊ីលីដា រាប់ម៉ឺននាក់នូវសេវាកម្មផ្ទេរប្រាក់ក្នុងប្រទេសកម្ពុជាដ៏សម្បូរបែប ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងគ្មានហានិភ័យ ។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធានាគារអេស៊ីលីដា នឹងអាចធ្វើការផ្ទេរប្រាក់របស់ខ្លួនតាមរយៈភ្នាក់ងារវីងជាង៧៣០០ កន្លែងទូទាំងប្រទេស ដោយអាចសន្សំសំចៃពេលវេលា និងថវិការបស់ពួកគេក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារអេស៊ីលីដា។ លើសពីនេះទៅទៀត ពួកគេអាចផ្ទេរប្រាក់ពីគណនីវីង ទៅពីគណនីអេស៊ីលីដា យ៉ាងងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬក៏ប្រើ USSD កូដ *989# នៅលើទូរស័ព្ទដៃគ្រប់ពេលវេលា” ។
ភាពជាដៃគូនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែប្រជាជនកម្ពុជាដែលរស់នៅជាង ២០០ ប្រទេសទូទាំងពិភពលោក ក៏អាចផ្ទេរប្រាក់តាមរយៈដៃគូសហការអន្តរជាតិតាមរយៈគណនីវីងទៅសមាជិកគ្រួសាររបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ប្រូភើធី អិលធីឌី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៦,១៩ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៨៨ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,៣៣ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាងពីរលាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩ នេះ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖www.acledabank.com.kh
អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។
ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧៣០០កន្លែង នៅទូទាំងប្រទេស ។ វីងបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Pay និង Western Union ជាដើម។
វីងក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖www.wingmoney.com