វីង ដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកម្មវិធីតាក់ស៊ីភូមិ
ដោយមើលឃើញថា ចំនួនកក់មធ្យោបាយធ្វើដំណើរ តាមរយៈទូរស័ព្ទដៃ ហាក់មានសន្ទុះខ្លាំង ធនាគារ ឯកទេសវីង បានសហការជាមួយក្រុមហ៊ុនជាច្រើន និងមានក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាលើកដំបូងនូវសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ជាមួយតាក់ស៊ីភូមិ ដែលជាកម្មវិធីសម្រាប់កក់មធ្យោបាយធ្វើដំណើរលើទូរស័ព្ទដៃឈានមុខគេមួយនៅក្នុងស្រុក។
កិច្ចសហការនេះ នឹងផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតសម្រាប់អតិថិជន ដែលធ្វើដំណើរជារឿយៗតាមរយៈតាក់ស៊ី រឺម៉កកង់បី ឬម៉ូតូឌុប។ អតិថិជនក៏អាចឲ្យជាលុយធីបទៅដល់អ្នកបើកបរ តាមរយៈកម្មវិធី តាក់ស៊ីភូមិផងដែរ។ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈគណនីវីង យើងអាចធានាបានថា ទឹកប្រាក់ដែល អតិថិជនចំណាយក្នុងការធ្វើដំណើរ ពិតជាត្រឹមត្រូវ។ ដើម្បីបង់ប្រាក់សម្រាប់ការធ្វើដំណើរ អតិថិជនអាច បញ្ចូលលុយជាមុនទៅក្នុងគណនីរបស់កម្មវិធី តាក់ស៊ីភូមិ ដោយបញ្ចូលលេខគណនីវីង។ បន្ទាប់មក កម្មវិធី តាក់ស៊ីភូមិ នឹងកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ ពីក្នុងគណនីនោះទៅតាមថ្លៃធ្វើដំណើរដែលបានកំនត់។ សម្រាប់ជម្រើសមួយទៀត អតិថិជនអាចទូទាត់ថ្លៃធ្វើដំណើរ តាមរយៈគណនីវីង នៅពេលដែលពួកគាត់ទៅដល់គោលដៅ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់៤ខ្ទង់ ជាការស្រេច។
លោក វ៉ាន សុធារី ប្រធានជាន់ខ្ពស់ផ្នែក Merchant Sales នៃធនាគារឯកទេស វីង មានប្រសាសន៍ថា “ធនាគារឯកទេសវីង មានក្តីប្រាថ្នាចង់បង្កើតនូវប្រព័ន្ធនៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយជោគជ័យ និងផ្តល់ជាចំនូលប្រចាំថ្ងៃសម្រាប់ ភ្នាក់ងារ ដៃគូសហការ សាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ម្ចាស់អាជីវកម្ម និងស្ថាប័ននានា ទាំងនៅទីក្រុង និងនៅតាមទីជនបទ។ តាមរយៈសេវាកម្មទូទាត់ប្រាក់លើកម្មវិធី តាក់ស៊ីភូមិ អតិថិជនមិនចាំបាច់ព្រួយបារម្ភអំពីសាច់ប្រាក់របស់ពួកគេនៅពេលធ្វើដំណើរ ឬត្រូវរង់ចាំលុយអាប់នៅពេលដែលពួកគាត់ទៅដល់គោលដៅឡើយ។”
“នេះគឺជាការបន្តប្រឹងប្រែងរបស់ធនាគារឯកទេសវីង ក្នុងការផ្តល់ជូននូវបច្ចេកវិទ្យា និងការបង្កើតថ្មីសម្រាប់ សង្គមជាតិកម្ពុជាទាំងមូល បន្ថែមលើសេវាកម្មទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃជាច្រើន ដែលក្រុមហ៊ុនបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។”
ដើម្បីអបអរសាទរកិច្ចសហការនេះ អតិថិជនដែលធ្វើដំណើរតាមរយៈកម្មវិធី តាក់ស៊ីភូមិ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងសំបើមរហូតដល់ ៧០ភាគរយនៅពេលពួកធ្វើការទូទាត់ថ្លៃធ្វើដំណើរតាមរយៈគណនីវីង។ កម្មវិធីពិសេសនេះ នឹងផ្តល់ជូនគ្រប់អតិថិជនទាំងអស់ដែលមានកម្មវិធី តាក់ស៊ីភូមិ នៅលើទូរស័ព្ទដៃចាប់ពីថ្ងៃនេះ រហូតដល់ចុងខែសីហា។
លោក មុំ ក្លេអូម៉ូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន អ៊ីតស៊ុម៉ូ តិក ឯ.ក មានប្រសាសន៍ថា “ធនាគារឯកទេសវីង និងតាក់ស៊ីភូមិ ពិតជាចែករំលែកទស្សនៈវិស័យរួមគ្នា ពោលគឺនាំមកនូវការបង្កើតថ្មីសម្រាប់បងប្អូនប្រជាជាតិខ្មែរ។ ជាមួយកម្មវិធី តាក់ស៊ីភូមិ អតិថជនមានភាពងាយស្រួល និងធ្វើដំណើរប្រកបដោយផាសុកភាព និងសុវត្ថិភាព។ ជាមួយគ្នានេះ យើងក៏មិនភ្លេចយកចិត្តទុកដាក់ទៅលើដៃគូជាអ្នកបើកបរសម្រាប់ក្រុមហ៊ុន ដោយធានាថាពួកគាត់នឹងទទួលបានថវិកាភ្លាមៗតាមរយៈគណនីវីង។ ជាមួយនឹងកិច្ចសហការនេះ យើងបានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ៧០ភាគរយទៅលើថ្លៃធ្វើដំណើររបស់អតិថិជន។ នៅពេលអតិថិជនធ្វើដំណើរដល់គោលដៅ រួចទូទាត់ប្រាក់តាមគណនីវីង របារកងមួយនឹងលោតឡើងនៅលើទូរស័ព្ទសម្រាប់ឲ្យពួកគាត់បង្វិល និងទទួលបានការបញ្ចុះតម្លៃលើថ្លៃធ្វើដំណើរ។”
“យើងសង្ឃឹមថា កិច្ចសហការនេះនឹងជួយឲ្យអតិថិជនទាំងអស់របស់តាក់ស៊ីភូមិ រីករាយជាមួយនឹងការធ្វើដំណើរទៅកាន់ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជាជាមួយនឹងការផ្តល់ជូនពិសេស និងតម្លៃដែលទទួលយកបាន។
អតិថិជនក៏អាចធ្វើការទូទាត់ប្រាក់សម្រាប់ថ្លៃធ្វើដំណើរក្នុងកម្មវិធីកក់មធ្យោបាយធ្វើដំណើរលើទូរស័ព្ទនានា តាមរយៈគណនីវីង ឬ វាយលេខ *989# លើទូរស័ព្ទ។ ដើម្បីគិតលុយតាមគណនី វីង អតិថិជនអាចបង្កើតគណនីវីងបានយ៉ាងងាយដោយគ្រាន់តែដោនឡូត កម្មវិធីស្មាតហ្វូន វីង និងបំពេញរាល់ព័ត៌មានចាំបាច់សម្រាប់បង្កើតគណនីនោះ ឬទៅកាន់ភ្នាក់ងារវីងនៅទូទាំងប្រទេសដើម្បីបង្កើតគណនីនៅទីនោះ។ នៅពេលលោកអ្នកមានគណនី វីង លោកអ្នកអាចបញ្ចូលសាច់ប្រាក់ចូលទៅក្នុងគណនីនោះនៅគ្រប់ភ្នាក់ងារ វីង ទូទាំងប្រទេស។ ជាមួយគណនីវីង អតិថិជនអាចជ្រើសយកវិធីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដូចជា បង់វិក្កយបត្រ ទិញទំនិញអនឡាញ បញ្ចូលុយទូរស័ព្ទ ផ្ទេរប្រាក់ និងសេវាកម្មជាច្រើនទៀត។
កំណត់ចំណាំស្តីអំពីកិច្ចសហការៈ
ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក លើកម្មវិធីស្មាតហ្វូនតាក់ស៊ីភូមិផ្តល់អត្ថប្រយោជន៍ដូចជាៈ
- ការទូទាត់ប្រាក់មានល្បឿនលឿន។
- ងាយស្រួលក្នុងការពិនិត្យមើលទឹកប្រាក់ដែលបានចំនាយ។
- ធ្វើការទូទាត់ប្រាក់ដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធ។