ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសអោយប្រើប្រាស់សេវាកម្មទូទាត់បែបអេឡិចត្រូនិច តាមរយៈវីង ជាមួយក្រសួងពាណិជ្ជកម្ម
ភ្នំពេញ: ថ្ងៃនេះគឺជាការប្រកាសជាផ្លូវការនៃ ការទូទាត់សេវាកម្មតាមអេឡិចត្រូចនិច និងការប្រគល់ជូនអនុស្សរណៈយោគយល់ ដើម្បីដាក់អោយអនុវត្តនូវកិច្ចព្រមព្រៀង រវាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម និងធានាគារឯកទេសវីង នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នំា២០១៦។ កម្មវិធីត្រូវបានចូលរួមក្រោមអធិបតេយ្យភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា គិត ម៉េង អ្នកតំណាងអោយធានាគារវីង លោក ចូចូ ម៉ាឡូឡូស អគ្គនាយកប្រត្តិបត្តិធនាគារវីង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅ ក្រសួងពាណិជ្ជកម្ម។ សេចក្តីប្រកាសនេះបញ្ចាក់ថា ការទូរទាត់សេវាកម្មតាមអនឡាញនិងដាក់អោយសាធារណៈជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកប្រត្តិបត្តិធនាគារឯកទេសវីង បានមានប្រសាសន៍ថា “កិច្ចសហប្រតិ្តបត្តិការនេះ និងនំាមកនូវការទូទាត់សេវាកម្មតាមអនឡាញថ្មី រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសដៃគូរទំាងពីរអាចគ្រប់គ្រងនូវចំណូលរបស់សេវាកម្មរដ្ឋតាមរយៈប្រព័ន្ធអេឡិចត្រូនិច កាន់តែលឿន សុវត្ថិភាព និងងាយស្រួលតាមរយៈ វីង។ ហើយយើងក៏បាននំាយកបទពិសោធន៍ដ៏ល្អបំផុតនៅក្នុងការបង់ប្រាក់ ដោយមិនចំាបាច់ប្រើសាច់ប្រាក់។”
លោកបានបន្តទៀតថា “ជាមួយគ្នានេះដែរ យើងនឹងពង្រឹងដៃគូរបន្ថែមទៀតជាមួយនឹងវិស័យ សាធារណៈ ដើម្បីអោយអតិថិជនកាន់តែងាយស្រួលក្នុងការបង់ថ្លៃសេវា។ ជាមួយវីង លោកអ្នកមិនចំាបាច់ យកសាច់ប្រាក់ ឬត្រូវចំណាយពេលតំរង់ជួរយូរសម្រាប់បង់ថ្លៃសេវានោះទេ អ្វីដែលគេត្រូវធ្វើគឺប្រើប្រាស់គណនីវីង ដើម្បីធ្វើការទូទាត់តែប៉ុណ្ណោះ”។
ដើម្បីប្រើប្រាស់សេវាកម្មវីង អតិថិជន គ្រាន់តែទៅបើកគណនីវីងដោយឥតគិតថ្លៃ នៅភ្នាក់ងារ វីង ណាមួយនៅទូទំាងប្រទេស ឬនៅទីស្នាក់ការកណ្តាលរបស់វីង។ អតិថិជនគ្រាន់តែមកដោយភ្ជាប់ជាមួយនូវឯកសារច្បាប់ដើមណាមួយក៏បាន ដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ប័ណ្ណបើកបរ ឬកាតមន្រ្តីរាជការ។ ដើម្បីប្រើប្រាស់សេវាកម្មវីងអតិថិជនគ្រាន់តែ ចុច *989# ដោយឥតគិថ្លៃ ឬទាញយកកម្មវិធីទូរស័ព្ទ “Wing Money” តាមរយៈ App Store ឬ Google Play Store ។
ធនាគារឯកទេសវីងគឺជាសេវាផ្ទេរប្រាក់ចល័តនៅក្នុងប្រទេស និងជាក្រុមហ៊ុនដែលឈានមុខលើសេវាផ្ទេរប្រាក់ចល័តជាច្រើន ដូចជាការវេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាត វីងនៅហាងលក់រាយ) និងកាទូទាត់តាមបណ្តាញអ៊ីនធើណេត គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សម្រាប់ព័ត៌មានបន្ថែមសូមមកកាន់ គេហទំព័រ www.wingmoney.com ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ ០២៣ ៩៩៩ ៩៨៩។